(កំពង់ឆ្នាំង)៖ ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងចំនួន៥០នាក់ បានចុះផ្សព្វផ្សាយកិច្ចការពារតំបន់ការពារធម្មជាតិ និងការឈប់ប្រើថង់ប្លាស្ទិក នៅតំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតនៅភូមិស្រែអំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ដែលគោលដៅអេកូទេសចរណ៍មានសក្ដានុពលទាក់ទាញ។

សកម្មភាពនេះធ្វើឡើងនាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត អាជ្ញាធរដែនដី ប្រធានសហគមន៍ទេសចរណ៍តំបន់ធម្មជាតិទឹកធ្លាក់ស្រែអំពិល និងប្រជាការពារសហគមន៍សរុបជាង១០០នាក់។

លោក ឈៀង ថារិទ្ធ តំណាងក្រុមយុវជនគណបក្សខេត្តកំពង់ឆ្នាំង បានលើកឡើងថា កម្មវិធីយល់ដឹងអំពី (យុវជន និងបរិស្ថាន)នាពេលនេះក្នុងគោលបំណងឱ្យក្រុមសកម្មជនយុវជនត្រូវធ្វើជាគំរូដ៏ល្អដល់ភ្ញៀវទេសចរ ជួយអប់រំផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ និងប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅក្នុងតំបន់ទឹកធ្លាក់ធម្មជាតិស្រែអំពិលនេះ ឱ្យបានយល់ដឹងអំពីបរិស្ថានល្អ និងការឈប់ប្រើប្រាស់ថង់ប្លាស្ទិក ពិសេសត្រូវចូលរួមក្នុងកិច្ចការពារព្រៃឈើធម្មជាតិក្នុងដែនបរិស្ថាន និងក្នុងតំបន់ទេសចរណ៍ធម្មជាតិនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឲ្យមកលេងកម្សាន្តឱ្យបានច្រើន ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាមុខមាត់និងកិត្តិយសរបស់ខេត្តផងដែរ។

លោក សោ ភា ប្រធានសហគមន៍ទេសចរណ៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល បានឱ្យដឹងថា សហគមន៍បានកើតឡើងនៅក្នុងអំឡុងឆ្នាំ២០១៧ សហគមន៍មានសមាជិកសរុបចំនួន៥៥៤គ្រួសារ នៅក្នុងភូមិចំនួន៤នៃឃុំក្តុលសែនជ័យ ដោយឡែកសមាជិកសកម្មមានចំនួន៤៣នាក់។

ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងក្រសួងបរិស្ថានបានជួយសាងសង់ចំណតរថយន្តមួយកន្លែង ដែលអាចចតរថយន្តបាន១៤០គ្រឿង និងចំណតម៉ូតូមួយកន្លែង។ សហគមន៍មានតូបលក់ដូរ១៥តូប មានបន្ទប់ទឹក៤កន្លែង ស្មើនឹង៣៤បន្ទប់ សហគមន៍ក៏មានបន្ទប់ទឹកសម្រាប់ជនពិការតាមស្តង់ដាផងដែរ មានខ្យុះ៧ខ្នង ស្មើនឹង៥៣បន្លោះ មានស្ពាន១កន្លែង និងមានទំនប់បង្ហៀរទឹក១កន្លែង មានកន្លែងបោះតង់លើភ្នំ១កន្លែងផងដែរ។

ចំពោះសេវាផ្គត់ផ្គង់ភ្ញៀវក្នុងតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិល រថយន្ត១គ្រឿងតម្លៃ១៥,០០០រៀល ម៉ូតូមួយគ្រឿង១,៥០០រៀល មនុស្សម្នាក់១ពាន់រៀល ខ្យុះមួយចន្លោះ១៥,០០០រៀល តម្លៃម្ហូបអាហារថ្លៃធម្មតាដែលអាចទទួលយកបាន គឺមាន់ស្រែដុតមួយ៤ម៉ឺនទៅ៥ម៉ឺនរៀល ត្រីដុតធំមួយ៣ម៉ឺនរៀល សម្លឬឆាមួយចាន២ម៉ឺនរៀល។

តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិលបើកឲ្យចូលកម្សាន្តនៅវេលាម៉ោង៧៖០០នាទីព្រឹក បិទនៅវេលាម៉ោង៥៖០០ល្ងាច។ចំនួនភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យក្នុង១ថ្ងៃៗមានប្រមាណពី៣០០ទៅ៥០០នាក់។ សហគមន៍ក៏មានសម្ភារៈសម្រាប់សង្គ្រោះបឋមផងដែរ ពេលភ្ញៀវទេសចរមានគ្រោះថ្នាក់ស្រាលៗ សហគមន៍ក៏មានគោលការណ៍ដឹកបញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខភាពក្តុលសែនជ័យ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។

លោក មឹង វិសាលសុខ មេឃុំក្តុលសែនជ័យ បានឱ្យដឹងដែរថា ឃុំរបស់លោកមាន៦ភូមិ មានផ្ទៃដីសរុប៣៥,៥៥៨ហិកតា និងមានប្រជាពលរដ្ឋសរុប១,៩៨៥គ្រួសារ។ តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិលនេះមានចម្ងាយផ្លូវប្រមាណ៧០គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង ដែលអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥ មកដល់ជិតផ្សារបរិបូរណ៍ត្រង់សាលារៀនបឋមសិក្សាបរិបូរណ៍ បើមកពីភ្នំពេញបត់ឆ្វេងចូលតាមផ្លូវក្រាលកៅស៊ូប្រមាណ២០គីឡូម៉ែត្រពីផ្លូវជាតិលេខ៥។

លោកមេឃុំបានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ដែលមកលេងកម្សាន្តនៅតំបន់ទេសចរណ៍ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល សូមចូលរួមការពារបរិស្ថានធម្មជាតិដោយត្រូវទុកដាក់សំរាមក្នុងធុងជានិច្ច និងចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមការអំពាវនាវរបស់ក្រសួងបរិស្ថាន៕