(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អមដំណើរដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានចុះពិនិត្យវឌ្ឍនភាពរបស់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលបានសាងសង់រួចជាស្ថានពរ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាចុងខែតុលា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានោះសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមន្តីរពេទ្យជាតិ តេជោសន្តិភាព ប្រមាណជាង៣០០នាក់ និងបានសម្ដែងនូវទឹកចិត្ដសប្បាយរីករាយ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីបុគ្គលិករបស់មន្ទីរពេទ្យជាតិតេជោសន្ដិភាព ដែលបានសហការនិងសាគ្គីគ្នាប្រកបដោយភាពទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីបុគ្គលិករបស់មន្ទីរពេទ្យជាតិតេជោសន្ដិភាពគោរពក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថាមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានសាងសង់រួចជាស្ថានពរ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាចុងខែតុលា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។

មន្ទីរពេទ្យនេះមានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ វះកាត់ អគារសម្រាកព្យាបាលកម្រិតធ្ងន់ អគារសម្រាកព្យាបាលកម្រិតស្រាល ជាច្រើនដែលអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ១ម៉ឺនគ្រែ និងបំពាក់ដោយសម្ភារៈបរិក្ខារពេទ្យទំនើបៗ។ សមិទ្ធិផលដ៏ធំធេងនេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សមេ្តចតេជោ និងសមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។

ទន្ទឹមនឹងការអភិវឌ្ឍន៍នេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំត្រូវបន្តខិតខំពង្រឹងយន្តការថែទាំព្យាបាលអ្នកជំងឺបន្ថែមទៀត ជាពិសេសត្រូវពង្រឹងលើសេវាបញ្ជូនអ្នកជំងឺឱ្យចំគោលដៅ សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់៕