(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាង២០០គ្រួសារ មកពីស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានជម្លោះជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់នោះ បាននាំគ្នាមកកាន់ ទីស្នាក់ការអង្គការសមធម៌ កម្ពុជា ដើម្បីដាក់ញត្តិសុំដកយកស្នាមមេដៃរបស់ពួកគាត់ វិញ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ ក្រោយពីប្រជាពលរដ្ឋទាំងនោះ បានទទួលសំណងដ៏សមរម្យ ពីក្រុមហ៊ុនរួចរាល់ហើយនោះ។ បន្ទាប់ពីដាក់ញត្តិ សុំដកស្នាមមេដៃនៅទីស្នាក់ការនេះរួចមក ប្រជាពលរដ្ឋខាងលើក៏បាននាំគ្នា យកញត្តិទៅដាក់នៅសហគមន៍អឺរ៉ុប ក្នុងលក្ខខណ្ឌដូចគ្នាដែរ។
តំណាងប្រជាពលរដ្ឋ បានប្រាប់ក្រុមអ្នកកាសែតថា «មូលហេតុដែលពួកគាត់មកដកពាក្យបណ្តឹងនិងស្នាមមេដៃនេះ ព្រោះថា កន្លងមកពួកយើងធ្លាប់ពឹងពាក់ ឲ្យអង្គការមួយនេះ ជួយពួកគាត់ ក្នុងបញ្ហាដីធ្លី ឥឡូវនេះខាងក្រុមហ៊ុនបានដោះស្រាយសំណងជូន ពួកយើង សមរម្យអស់ហើយ ដូច្នេះយើង មកដកនេះកុំឲ្យមានការពាក់ព័ន្ធអ្វីទៀត»។
លោក ហឹុម ហឿន អាយុ៥៦ឆ្នាំ មកពីឃុំត្រពាំងជើង ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺបាននិយាយថា «ដោយមើលឃើញពីការដោះស្រាយថវិកាជួយប្រជាពលរដ្ឋបានសមរម្យនិងមើលឃើញពីការអភិវឌ្ឍន៍ របស់ក្រុមហ៊ុន គិតប្រយោជន៍ ប្រជាពលរដ្ឋជាធំ ទើបពួកយើងសម្រេចចិត្ត មកដកពាក្យបណ្តឹងនិងស្នាមមេដៃ ដើម្បីកុំឲ្យមានការទាក់ទងគ្នាទៀត ឲ្យវាដាច់ស្រាច់តែម្តង។ កន្លងមកយើងធ្លាប់ពឹងពាក់អង្គការនេះដើម្បីធ្វើការតវ៉ាពីបញ្ហាដីធ្លី ឥឡូវបញ្ហានេះត្រូវបានដោះស្រាយបញ្ចប់ហើយប្រជាពលរដ្ឋមានការពេញចិត្តថែមទៀតផង»។
បន្ទាប់ពីការដកពាក្យបណ្តឹង និងស្នាមមេដៃពីអង្គការសមធម៌កម្ពុជារួច ប្រជាពលរដ្ឋបានបន្តដំណើរទៅកាន់ទីស្នាក់ការសហភាព អឺរ៉ុបប្រចាំនៅកម្ពុជាដើម្បីដាក់ញត្តិជូនដល់សហភាពអឺរ៉ុប។
ក្នុងញត្តិដែលប្រជាពលរដ្ឋដាក់ទៅសហភាពអ៊ឺរ៉ុបនោះ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំងអស់តំណាងឲ្យ អ្នកភូមិ ៣៦៤គ្រួសារ រស់នៅស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ សូមគាំទ្រចំពោះការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ (PPS) និងក្រុមហ៊ុន កំពង់ស្ពឺស៊ូហ្គឺ (KPS) ព្រោះការអភិវឌ្ឍន៍នេះ ធ្វើឡើងដើម្បី ផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ ក៏ដូចជា រាជរដ្ឋាភិបាលផងដែរ។
ក្នុងញត្តិដដែលនោះបន្តថា តំណាងប្រជាពលរដ្ឋ នៅស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ សូមអំពាវនាវ សហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា ចាប់ពីពេលនេះតទៅ លុបចោលនូវអ្វី ដែលគេហៅថា «ស្ករឈាម»ហើយប្តូរមកជាំ «ស្ករស្អាតស្អំ» វិញ។
ជាមួយគ្នានេះដែរ ក៏សូមអំពាវនាវឲ្យសហភាពអឺរ៉ុប ងាកមកធ្វើការជាមួយ ពួកយើងដែលជាតំណាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដោយផ្ទាល់ ដើម្បីរួមគ្នាដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ។
មានការលើកឡើងថាពាក់ព័ន្ធរឿងការដកពាក្យបណ្តឹង ស្នាមមេដៃពីអង្គការសមធម៌កម្ពុជា និងការដាក់ញត្តិ ជូនសហភាពអឺរ៉ុបនេះមានព័ត៌មានថា ក្រុមហ៊ុនជាអ្នកនៅពីក្រោយ ប៉ុន្តែ ត្រូវបានលោក សីុន សត្ថា តំណាងក្រុមហ៊ុនភ្នំពេញ ស៊ូហ្គើរ (PPS)បកស្រាយថា ខាងក្រុមហ៊ុន មិនបាននៅពីក្រោយរឿងនេះទេទាំងនេះគឺជាឆន្ទ: របស់ប្រជាពលរដ្ឋ ដែលមើលឃើញ ពីការអភិវឌ្ឍន៍ តំបន់មួយនោះ ដោយខ្លួនឯង។
លោក សីុន សត្ថាបាននិយាយថា «ខ្ញុំមានការភ្ញាក់ផ្អើលនៅពេលឮព័ត៌មានថា ប្រជាពលរដ្ឋជាង២០០គ្រួសារគាត់បានមកដកពាក្យបណ្តឹង និងដាក់ញ្ញត្តិទៅសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ខ្ញុំមិននឹកស្មានពួកគាត់មានគម្រោងដាក់ញ្ញត្តិទៅសហភាពអឺរ៉ុបនោះទេ ខ្ញុំដឹងត្រឹមតែពួកគាត់ទៅដកពាក្យបណ្តឹងនិងស្នាមមេដៃពីអង្គការសមធម៌កម្ពុជា ព្រោះអង្គការមួយនេះគឺជាអ្នកដែលឲ្យប្រជាពលរដ្ឋពឹងពាក់ប្តឹងទៅសហភាពអឺរ៉ុបពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយក្រុមហ៊ុន»។
បន្ទាប់មកខាងក្រុមហ៊ុនបានធ្វើការជាមួយសហគមន៍ឈានទៅដល់ការការចុះ MOU កាលពីថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៦ ដោយក្នុង MOU បាននិយាយថាពេលដែលប្រ ជាពលរដ្ឋព្រមព្រៀងក្នុងការដោះស្រាយ ជាមួយខាងក្រុមហ៊ុនពួកគាត់នឹងមក ដកពាក្យបណ្តឹងនិងស្នាមមេដៃពីអង្គការសមធម៌កម្ពុជា ដើម្បីកុំឲ្យមានការប្តឹងផ្តល់គ្នាទៅសហភាពអឺរ៉ុបទៀត។
លោកបានបន្តថា ដោយសារតែពួកគាត់ដឹងថាឥឡូវនេះគឺបានមកដល់ដំណាក់កាលនេះហើយ គឺខាងក្រុមហ៊ុនបានធ្វើការដោះស្រាយបានសមរម្យជូនប្រជាពលរដ្ឋព្រមទាំងអភិវឌ្ឍន៍បានច្រើនទៀតផង ដូច្នេះពួកគាត់ត្រូវតែធ្វើអ្វីតាមការព្រមព្រៀងគឺដកពាក្យបណ្តឹង ប៉ុន្តែបន្ថែមពីលើនេះគឺពួកគាត់បានសរសេរញ្ញត្តិដាក់ជូនទៅសហភាពអឺរ៉ុបថែមទៀតផង ដែលនេះជាជំហរដ៏ល្អមែនទែន ព្រោះថាការដាក់ញ្ញត្តិនេះសបញ្ជាក់ឲ្យឃើញថាពួកគាត់រីករាយនិងពេញចិត្តក្នុងការទទួលបានសំណងដែលខាងក្រុមហ៊ុនបានដោះស្រាយជូនពួកគាត់ ។
ដោយមើលឃើញថាមានអង្គការមួយចំនួនតែងតែយកបញ្ហាស្ករនេះកេងចំណេញលើបញ្ហាផ្សេងៗនោះលោកបានអំពាវនាវដល់អង្គការពាក់ព័ន្ធទាំងឡាយត្រូវបញ្ឈប់ធ្វើឲ្យស្ករនេះក្លាយជាឈាមទៀត ពីព្រោះថាយើងបានដោះស្រាយបញ្ហាស្ករឈាមនេះឲ្យក្លាយទៅជាស្ករសរបរិសុទ្ធវិញហើយគឺប្រជាពលរដ្ឋមានការរីករាយក្រោយពីការដោះស្រាយរបស់ក្រុមហ៊ុន។ ចាប់ពីថ្ងៃនេះតទៅបើនៅតែមានអ្នកពាក់ព័ន្ធញុះញុងមានបំណងធ្វើឲ្យស្ករនេះប្រឡាក់ឈាមម្តងទៀត យើងសូមប្រើសិទ្ធិដើម្បីការពារប្រយោជន៍របស់ក្រុមហ៊ុន និងប្រយោជន៍របស់ប្រជាពលរដ្ឋទៅតាមផ្លូវច្បាប់៕