(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា បានជម្រាបជូន លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីការប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្រោមស្មារតីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។

ក្នុងជំនួបសម្ដែងការគួរសមនាទីស្ដីការក្រសួងមហាផ្ទៃ រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ក៏បានស្នើសុំការគាំទ្រពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព រវាងស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា និងបណ្ដាអង្គភាពមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចឆ្លើយតប អភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងគាំទ្ររាល់កិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរក្នុងនាមរដ្ឋអធិបតេយ្យ និងជាសមាជិកអាស៊ានដូចគ្នា។ លោកអភិសន្តិបណ្ឌិត ក៏បានយកឱកាសនេះ ផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងជូនពរចំពោះ លោកឧត្ដមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ព្រមទាំងថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម សូមប្រកបដោយសេចក្ដីសុខ សុភមង្គល និងជោគជ័យ ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដម ដើម្បីបុព្វហេតុជាតិ និងប្រជាជន ។

ទន្ទឹមនេះដែរ អភិសន្តិបណ្ឌិត ក៏សម្ដែងការសោកស្ដាយចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះអគ្គិភ័យឆាបឆេះខុនដូមួយកន្លែងក្នុងរដ្ឋធានីហាណូយ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់កាលពីពេលថ្មីៗនេះផងដែរ។

លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង បានថ្លែងអំណរគុណចំពោះ អភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតជូនលោក ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងបានជម្រាបអំពីការផ្ដាំផ្ញើនូវពាក្យពេចន៍ជូនពរជ័យប្រកបដោយអត្ថន័យពីសំណាក់ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ជូនចំពោះអភិសន្តិបណ្ឌិត ស សុខា ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

ក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ត្រី ប្រធានស្ថានតំណាង និងគណៈប្រតិភូ បានសម្ដែងមនោសញ្ចេតនាអបអរសាទរ និងគោរពជូនពរបវរមហាប្រសើរចំពោះ លោកអភិសន្តិបណ្ឌិត ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយប្រធានស្ថានតំណាងរូបនេះ សម្ដែងការជឿជាក់ថា ក្រសួងមហាផ្ទៃនឹងបន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេងបន្ថែមទៀត។

ជាកិច្ចបញ្ចប់ អភិសន្តិបណ្ឌិត ស សុខា បានថ្លែងជូនពរ លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង និងសហការី ប្រកបដោយសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យក្នុងការបំពេញភារកិច្ច សម្រាប់អាណត្តិជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕