(កោះកុង)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរសុខាភិបាល ខេត្តកោះកុង នៅថ្ងៃទី១១ ខែសីហានេះ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវលិខិតចំហ របស់ក្រសួងសុខាភិបាល ដែលចេញប្រតិកម្មភ្លាមៗ ទៅលើលិខិតមិត្តអ្នកអានមួយ ដែលមានចំណងជើងថា៖ «ក្រសួងខ្លះភ្ញាក់រឮក ខណៈសុខាភិបាលដេកសម្ងំ» ចេញផ្សាយដោយការសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។
ការចេញផ្សាយរបស់ការសែតភ្នំពេញប៉ុស្តិ៍នេះ មន្ទីរសុខាភិបាលខេត្តកោះកុង មិនទទួលយកជាដាច់ខាត ចំពោះពាក្យថា «សុខាភិបាលសម្ងំដេក» ព្រោះសព្វថ្ងៃថ្នាក់ដឹកនាំ និងបុគ្គលិកដែលជាមន្ត្រីរាជការសុខាភិបាលទាំងអស់ រួមមាន វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត គ្រូពេទ្យ ឱសថការី ទន្តបណ្ឌិត ទន្តពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាកយិកា ឆ្មប បាននិងកំពុងខិតខំ ប្រឹងប្រែងបំពេញភារកិច្ច តាមតួនាទីរៀងៗខ្លួនយ៉ាងសកម្ម ដោយយកចិត្តទុកដាក់បំផុត ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ហើយការផ្តល់សេវានេះ ២៤ម៉ោងលើ២៤ម៉ោង គ្មានថ្ងៃសម្រាក គ្មានថ្ងៃបុណ្យ គ្មានថ្ងៃលំហែកាយទេ។
បច្ចុប្បន្នមន្ទីរសុខាភិបាលខេត្តកោះកុង ដែលមានហេដ្ឋារចនាសម្ព័ន្ធស្របតាមស្ដង់ដារបស់ក្រសួងសុខាភិបាល និងមានការរីកចម្រើនជាបន្ដបន្ទាប់ ដែលកំពុងដំណើរការផ្ដល់សេវា សុខភាពជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានាក្នុងខេត្ត ពិសេសតាមតំបន់ឆ្ងាយដាច់ស្រយាល ស្ថិតក្រោមការគ្រប់គ្រងយ៉ាងច្បាស់លាស់ និងអនុវត្តតាមផែនការរបស់សកម្មភាពរបស់ខ្លួន រួមមាន ការផ្ដល់សេវានៅតាមមន្ទីពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្ដិ៍សុខភាព ការផ្ដល់សេវាអប់រំបង្ការជម្ងឺ ពិសេសជម្ងឺឆ្លងនានានៅក្នុងខេត្ត និងខេត្តជាប់ព្រំប្រទល់។
មន្ទីរសុខាភិបាលខេត្តកោះកុង សូមថ្កោលទោសនូវជនអគតិមួយចំនួន ដែលបានរិះគន់ វាយប្រហារ ឬប្រើប្រាស់សម្តីណាមិនសមរម្យ មកលើវិស័យសុខាភិបាល ជាពិសេសលើការផ្តល់សេវា របស់បុគ្គលិកសុខាភិបាលដែលបាលខិតខំ បំពេញការងារលះបង់ទាំងកំលាំងកាយចិត្ត ជាពិសេសពេលវេលា គ្មានថ្ងៃ គ្មានយប់ គ្មានថ្ងៃសម្រាក គ្មានថ្ងៃបុណ្យទេ។ ដូច្នេះសូមជនអគតិទាំងឡាយ សូមមើលឃើញនូវអំពើល្អ ការលះបង់ និងឆន្ទៈ របស់គ្រូពេទ្យផង៕