(ព្រៃវែង)៖ លោកឧកញ៉ា ណាង ណាន រួមទាំងក្រុមគ្រួសារ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ បាននាំថវិកាប្រមាណ ១៥,០០០ដុល្លារ ជួយដល់ការកសាងសមិទ្ធផលនានាក្នុងវត្ត «វេឡុវ័នរង្សីបារមីតាង៉ែត»។ ជាមួយគ្នានេះលោកឧកញ៉ាក៏បានអំពាវនាវដល់សប្បុរសជននានា ដើម្បីជួយដល់ការកសាងសមិទ្ធនានាក្នុងវត្តនេះ បន្ថែមទៀតផងដែរ។
លោកឧកញ៉ា ណាង ណាន បានថ្លែងប្រាប់ Fres News ឲ្យដឹងថា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវនឹងថ្ងៃបិណ្ឌទី២ លោកបាននាំយកបច្ច័យ ដែលជាថវិកាផ្ទាល់ខ្លួនចំនួន ១៥,០០០ដុល្លារ មកប្រគេនដល់ព្រះសង្ឃ គង់ សំអូន ដើម្បីកសាងឧបដ្ឋានសាលា កុដិ និងសមិទ្ធនានា នៅក្នុងវត្តវេឡុវ័នរង្សីបារមីតាង៉ែត ស្ថិតក្នុងភូមិតាពូង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
និងបានជូនថវិកាខ្លះៗ ដល់លោកយាយ លោកតាផងដែរ។
លោកឧកញ៉ា ក៏សូមជូនបុណ្យដល់ លោកតា លោកយាយ អ៊ុំ ពូ មីង ទាំងអស់គ្នាឲ្យជួបតែសេក្តីសុខ និងសេចក្ដីចំរើនរកស៊ីទទួលទានមានបានទាំងអស់គ្នា។
ជាមួយគ្នានេះ លោកឧកញ៉ាក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមសប្បុរសជនជួយកសាងវត្ត វេឡុវ័នរង្សីបារមីតាង៉ែត ទាំងអស់គ្នា ខណៈដែលវត្តនេះ គឺស្ថិតក្នុងស្ថានភាពខ្វះខាតខ្លាំង ហើយទើបតែកសាងបាន ៦ឆ្នាំប៉ុណ្ណោះ៕