(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ បានបើកដំណើរការ កម្មវិធី មហោស្រព ចាប៉ីដងវែងទូទាំង ប្រទេសឆ្នាំ ២០២៣ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ក្រោមអធិបតីភាពលោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្នុងឱកាសនោះ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានថ្លែងថា ការរៀបចំ មហោស្រពចាប៉ីដងវែង នេះ គឺជាព្រឹត្តិការណ៍វប្បធម៌មួយមានសារៈសំខាន់ ក្នុងការរួមចំណែកដល់ការអភិរក្ស និងលើកស្ទួយសិល្បៈចាប៉ីដងវែង ដែលជាទម្រង់មរតក វប្បធម៌អរូបីដ៏ចំណាស់មួយរបស់កម្ពុជា និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ឱ្យបានស្ថិតស្ថិរជាអមតៈក្នុងបេះដូងកូនខ្មែរ គ្រប់រូបក្នុងគោលបំណងថែរក្សានូវក្បួនខ្នាតនៃទម្រង់សិល្បៈចាប៉ីដងវែងឱ្យបានគង់វង្ស និងរីកចម្រើនថ្កុំថ្កើងទៅអនាគត។
មួយវិញទៀត មហោស្រពនេះក៏ជាការផ្តល់នូវកាលានុវត្តភាព ក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាព និងគុណភាពក្នុងអាជីពសិល្បករ សិល្បការិនីចាប៉ីដងវែង សំដៅអភិរក្សទម្រង់សិល្បៈចាប៉ីដងវែងឱ្យបានគង់វង្ស ធានាការបន្តវេនទៅអ្នកជំនាន់ក្រោយ ព្រមទាំងអាចទាញយកអត្ថប្រយោជន៍ពីវិស័យនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងបម្រើសេចក្តីត្រូវការរបស់មហាជនផងដែរ។
ព្រឹត្តិការណ៍វប្បធម៌នេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ដោយមានវត្តមានរបស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សមាជិក សមាជិកា កម្មវិធីកិត្តិស័ព្ទនៃសហភាពសហព័ន្ធយុវជនកម្ពុជា និង សិល្បករចាប៉ីដងវែង ជាច្រើនមកពីបណ្តារាជធានី-ខេត្ត ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាព របស់ខ្លួន ។
ក្នុងឱកាសនោះដែរ លោក ហាប់ ទូច ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀប ចំមហោស្រព និងការចូលរួមសហការរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត ជាពិសេស ការចូលរួមរបស់ប្អូនៗ ជាសិល្បករចាប៉ីដងវែងជាច្រើនរូប ជាអ្នកបន្តវេនមរតកវប្បធម៌ជាតិ ដែលអញ្ជើញមកពីបណ្តារាជធានី-ខេត្ត បានធ្វើឱ្យកម្មវិធីមហោស្រពនេះប្រារព្ធឡើងយ៉ាងឱឡារិក គួរជាទីមោទនៈ៕