(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Soleine Scotney នាយិកាប្រចាំប្រទេសអង្គការ Clinton Health Access Initiative (CHAI) នាទីស្តីការក្រសួងសុខាភិបាល។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ អង្គការ CHAI ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺអេដស៍ និងជំងឺរលាកថ្លើម ការអភិវឌ្ឍន៍ធនធានមនុស្ស សបញ្ជាក់ពីការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់អង្គការ CHAI ជាពិសេស លោកស្រីនាយិកាប្រចាំប្រទេស ដែលបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូននូវអាទិភាពគន្លឹះទាំង ៣របស់ក្រសួងសុខាភិបាលរួមមាន៖

១៖ ការពង្រឹងមណ្ឌលសុខភាពលើហេដ្ឋារចនាសម្ព័ន្ធ, ការផ្គត់ផ្គង់ឱសថ សម្ភារៈបរិក្ខារ និងសមត្ថភាពបុគ្គលិក

២៖ ការពង្រឹងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ លើការសង្គ្រោះបន្ទាន់ ICU ផ្នែកវះកាត់ មន្ទីពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ

៣៖ ការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំមន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។

ជាការឆ្លើយតបលោកស្រីនាយិកា បានជម្រាបជូនលោករដ្ឋមន្ត្រីថា កន្លងមកអង្គការបានចូលរួមគាំទ្រជំនួយបច្ចេកទេសផ្នែកមន្ទីរពិសោធន៍ និងការផលិតអុកស៊ីសែន ក្នុងបរិបទនៃការរាតត្បាតជាសកលជំងឺកូវីដ-១៩ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ និងប្រព័ន្ធសុខាភិបាលឌីជីថល ស្របតាមអាទិភាពរបស់ក្រសួង។

លើសពីនោះអង្គការ CHAI នឹងយកអនុសាសន៍គន្លឹះរបស់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី រៀបចំផែនការសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលបន្តទៀត តាមរយៈអាទិភាពសំខាន់ៗខាងលើរបស់ក្រសួង ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

ជាងនេះទៅទៀតលោកស្រីបានសម្តែងសេចក្តីរីករាយណាស់ដែល លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគាំទ្រសកម្មភាពការងាររបស់អង្គការ CHAI ប្រកបដោយលទ្ធផលគួរជាទីគាប់ចិត្តនាពេលកន្លងមក គឺអាស្រ័យដោយសារមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធពីមជ្ឈមណ្ឌលជាតិកម្មវិធីជាតិ នាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត។ លោកស្រីក៏បានស្នើសុំអនុសាសន៍ណែនាំបន្ថែមសម្រាប់ការងាររបស់អង្គការ CHAI ។

សូមជម្រាបថា ក្នុងជំនួបពិភាក្សាការងារនេះ លោកស្រីនាយិកា កបានថ្លែងអបអរសាទរ និងជូនពរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល៕