(ភ្នំពេញ)៖ អង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជាបានសន្យាបន្ដកិច្ចសហប្រតិបត្តិការភាពដៃគូជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ បញ្ហាអនាម័យ និងសុខភាពនៅជនបទ ដើម្បីចូលរួមលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅទីជនបទប្រកបដោយបរិយាបន្ន។

ការសន្យានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយលោក វីល្ល ផាកស៍ (WILL Parks) ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានជម្រាបជូនលោកប្រធាន UNICEF នូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដោយដាក់ចេញនូវយុទ្ធសាស្រ្តដំណាក់កាលទី១ ដែលមានបាវចនា៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

លោកបានបន្តថា ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ រួមមាន៖

១. ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ត និងគមនាគមន៍ជនបទឱ្យប្រទាក់ក្រឡាប្រែក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។

២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដើម្បីឱ្យប្រជាជននៅជនបទរស់នៅមានភាពថ្លៃថ្នូរ ឥរិយាបថល្អប្រកបដោយសុខភាពល្អ និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។

៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។

៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរនូវកិច្ចការចំពោះមុខដែលត្រូវអនុវត្ត និងបញ្ហាប្រឈមខ្លះដែលក្រសួងកំពុងជួបប្រទះ ដូចជាវិបត្តិនៃការប្រែប្រួលអាកាសធាតុជាដើម។

ជាការឆ្លើយតប ប្រធានអង្គការយូនីសេហ្វប្រចាំនៅកម្ពុជាបានសន្យាបន្តកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ បញ្ហាអនាម័យ និងសុខភាពនៅជនបទ។

លោកប្រធាន វីល្ល ផាកស៍ ក៏បានស្នើដល់ក្រសួងអភិវឌ្ឍន៍ជនបទសូមសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅជនបទជូនប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានជម្រាបជូនប្រធានអង្គការយូនីសេហ្វដែរថា ក្នុងអាណត្តិទី៧នេះ ក្រសួងបានធ្វើការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានយ៉ាងស្អិតល្មួត ក្រោមឆ័ត្រនៃរាជរដ្ឋាភិបាលកម្ពុជាតែមួយ សំដៅផ្តល់ប្រយោជន៍ពិតជូនដល់ប្រជាពលរដ្ឋ៕