(ភ្នំពេញ)៖ សហព័ន្ធសហជីពសដ្ឋកិច្ចកម្មករកម្ពុជា បានចេញញត្តិគាំទ្រឮចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៤ ដែលមានចំនួន ២០៤ដុល្លារក្នុង១ខែ។

ក្នុងញ្ញត្តិគាំទ្រដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ សហព័ន្ធសហជីពសេដ្ឋកិច្ចកម្មករកម្ពុជា បានគូសបញ្ជាក់ថា ខ្លួនតំណាងឲ្យកម្មករនិយោជិតដែលជាសមាជិកនៅតាមបណ្តារោងចក្រ/សហគ្រាសទូទាំងប្រទេស បានតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការ នៃការចរចាកំណត់ ប្រាក់ឈ្នួលអប្បបរមារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលដែលជាយន្តការត្រីភាគីតាំងពីកិច្ចប្រជុំលើកទី១ រហូតមកដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សហព័ន្ធសហជីពសេដ្ឋកិច្ចកម្មករកម្ពុជា សង្កេតឃើញថា ការចរចានេះត្រូវបានធ្វើឡើងប្រកបដោយបច្ចេកទេស និងមានលក្ខណៈវិទ្យាសាស្ត្រដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គមនិងសេដ្ឋកិច្ចស្របតាមស្តង់ដាសកលដែលអង្គការអន្តរជាតិខាងការងារបានកំណត់។

សហព័ន្ធសហជីពសេដ្ឋកិច្ចកម្មករកម្ពុជា សូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់លើកកម្ពស់ជីវភាពរបស់បងប្អូនកម្មករនិយោជិត នៅគ្រប់កាលៈទេសៈ ជាពិសេស សម្ដេចធិបតី បានអនុញ្ញាតឱ្យមានការបន្ដដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ បានចំនួនដល់ ២០៤ ដុល្លារអាមេរិក ក្នុងមួយខែ បើទោះបីជាប្រទេសទាំងអស់នៅលើពិភពលោករួមទាំងកម្ពុជាផង កំពុងទទួលរងផលប៉ះពាល់នៃវិបត្តិ សេដ្ឋកិច្ចសកល ដែលនាំឱ្យតម្រូវការផ្នែកវាយនភណ្ឌមានការថយចុះក៏ដោយ។

លើសពីនេះយើងទាំងអស់គ្នាក៏បាន និងកំពុងទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ អំពីវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល សំដៅកាត់បន្ថយបន្ទុក ចំណាយរបស់កម្មករនិយោជិតតាមរយៈការគ្រប់គ្រងថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី នៅតាមផ្ទះជួល រួមទាំង ទទួលបានជាបន្តបន្ទាប់នូវអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផងដែរ។

យើងខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមារហូតដល់ ២០៤ ដុល្លារអាមេរិក ក្នុង១ខែ សម្រាប់ឆ្នាំ២០២៤ ដល់កម្មករនិយោជិត និងសូមប្ដេជ្ញាចូលរួមអនុវត្តរាល់វិធានការអន្តរាគមន៍ផ្សេងៗ ដែល រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ ដើម្បីចូលរួមលើកកម្ពស់ជីវភាព និងបន្តរក្សា និងបង្កើតឱកាសការងារជូនបងប្អូន កម្មករនិយោជិត ព្រមទាំងបន្តជំរុញឱ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ។ យើងខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តចូលរួមថែរក្សាភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅរក្សាការងារនិងប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិតទាំងអស់៕