(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់ចំនួន ១ ៥៤២ ០៦៦ ២៣២ ០០០ រៀលឬស្មើនឹង ៣៨៥ ៥១៦ ៥៥៨ ដុល្លារ លើការបន្តអនុវត្តកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមនានា សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស។

ថវិកាចំណាយជាង ៣៨៥លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស ត្រូវបានអនុវត្តលើកម្មវិធីដូចខាងក្រោម៖

១៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចំនួន ១ ១៥២ ០២៧ ៣៩០ ៤០០រៀល ដែលក្នុងខែចុងក្រោយនេះ មានអ្នកទទួលផលប្រមាណ ៧០១ ៤៥២ គ្រួសារ ស្មើនឹង ២ ៧៦០ ០៨៥ នាក់។

២៖ ការអនុវត្តការងារកំណត់អត្តសញ្ញាណគ្រួសារចំនួន ៧ ៧៣៥ ៩៧៤ ០០០រៀល។

៣៖ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ៣១ ១៩៩ ៨០៨ ០០០រៀល ដែលមានគ្រួសារគោលដៅចំនួន ៩៩ ១៦៩ គ្រួសារ ស្មើនឹង ៣៧២ ៨៥៩ នាក់ បានទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីនេះ។

៤៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ចំនួន ១៣៩ ៤៨៧ ១៩៦ ៦០០រៀល ដែលមានអ្នកទទួលផលសរុបប្រមាណ ៥០ ម៉ឺនគ្រួសារ ឬប្រមាណ ១,៨ លាននាក់។

៥៖ កម្មវិធីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំណាយអស់ថវិកាចំនួន ២៤ ០៨០ ៦៤០ ០០០ រៀល ដែលមានអ្នកទទួលផលប្រមាណ ៣៣៩ ៩៧៧ នាក់។

៦៖ កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់កម្មករនិយោជិតជាស្ត្រី នៅពេលសម្រាលកូន ចំនួន ២២ ៤៣៩ ៦០០ ០០០ រៀល ដែលបានផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតជាស្ត្រីក្នុង និងក្រៅប្រព័ន្ធ នៅពេលសម្រាលកូន ប្រមាណ ៣៨៣ ០៧៥ នាក់។

៧៖ មូលនិធិសមធម៌សុខាភិបាល (សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ) ចំនួន ៦៥ ២៩៥ ៩១៣ ០០០ រៀល ដែលគ្របដណ្តប់ប្រជាពលរដ្ឋដែលមានបណ្ណសមធម៌ប្រមាណ ៧០ ម៉ឺនគ្រួសារ ស្នើនឹង ២,៨ លាននាក់ និងកម្មករនិយោជិតក្រៅប្រព័ន្ធ ដែលជាក្រុមគោលដៅ (ដែលរួមមាន៖ មេភូមិ, អនុភូមិ, ជំនួយការភូមិ, ក្រុមប្រឹក្សាឃុំ-សង្កាត់, កីឡាករ-កីឡាការិនី, កម្មករធាក់ស៊ីក្លូ, និងបុគ្គលិក និងអ្នកជំនាញដោះមីន) ប្រមាណ១០ ម៉ឺននាក់។

៨៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីរាជការសាធារណៈ អតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន ៣៥ ៦១៩ ៥២៥ ០០០ រៀល ដែលគ្របដណ្តប់លើមន្ត្រីរាជការសាធារណៈ ប្រមាណ ៤២៨ ៧៥៥ នាក់ និងអតីតយុទ្ធជន និងយុវនីតិសម្បទាប្រមាណ ១២៥ ៣៤៩ នាក់។

៩៖ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈចំនួន ៣ ១៥៥ ៦៨៥ ០០០រៀល ដែលបានផ្តល់ការគាំពារផ្នែកហានិភ័យ ការងារដល់មន្ត្រីរាជការសាធារណៈ ប្រមាណ ២៤០ ១១៧ នាក់។

១០៖ កម្មវិធីអាហារូបករណ៍ថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំនួន ៤៨ ២១៥ ២៥០ ០០០ រៀល ដែលមានសិស្សក្រីក្រទទួលផលសរុបចំនួន ២៦៣ ៧៥១ នាក់។

១១៖ កម្មវិធីផ្តល់់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ចំនួន ១២ ៨០៩ ២៥០ ០០០ រៀល។ កម្មវិធីផ្តល់អាហារតាមសាលារៀន មានសិស្សទទួលផលសរុបប្រមាណ ៣០០ ០០០ នាក់ ក្នុងសាលារៀនគោលដៅចំនួន ១ ១១៣ សាលា ដែលរួមបញ្ចូលកម្មវិធីផ្តល់អាហារ តាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលមានសិស្សទទួលផលចំនួន ១១០ ៦៤៥ នាក់។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ នូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះផ្តោតទៅលើការកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។

កម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖

* កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល,

* កម្មវិធីទី(២) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស,

* កម្មវិធីទី(៣) ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន,

* កម្មវិធីទី(៤) ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ,

* កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង

* កម្មវិធីទី (៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕