(រតនគិរី)៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី និងលោកស្រី ព្រមទាំងសហការីបានអញ្ជើញចូលរួមវេនទី៣នៅវត្តត្រពាំងក្រហមស្រុកកូនមុំ។

ក្នុងឱកាសនោះ លោក សាយ សាមាន បានលើកឡើងពិធីបុណ្យកាន់បិណ្ឌបានប្រព្រឹត្តទៅតាមគន្លងព្រះពុទ្ធសាសនាជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លា ក្នុងពិធីបុណ្យកាន់បិណ្ឌនេះជារៀងរាល់ឆ្នាំសាសនិកជនទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនាតែងតែគោរពប្រណិបត្តិនូវពីធីកាន់បិណ្ឌទំនៀមទំលាប់តាំងពីបុរាណ ដែលមានរយៈពេល១៥ថ្ងៃនៅគ្រប់ទីវត្តអារាមទូទាំងប្រទេស។

លោកបន្តថា «ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រក្នុងខេត្តរតនគិរី ដែលមានលោកញ៉ែម សំអឿនជាអភិបាលខេត្តរតនគិរីផងដែរ»

លោកបានបន្ថែមទៀតថា «នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន ជីដូន ជីតា ញាត្តិការទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ»

គួរបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះគឺជាពិធីបុណ្យ១ដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់របស់ព្រះពុទ្ធសាសនា។ពិធីមានរយៈពេល១៥ថ្ងៃ ដោយពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃភ្ជុំបិណ្ឌ។ក្នុងរយៈពេល១៥ នៃពិធីបុណ្យសាសនានេះ ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តតែងតែធ្វើចង្ហាន់វេរប្រគេនព្រះសង្ឃជាប្រចាំ ដោយគណៈកម្មការវត្តបែងចែកជាវេន ដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃរហូតចប់ពិធីបុណ្យភ្ជុំបិណ្យ៕