(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី បា្រក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ណែនាំដល់ស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី ត្រូវបន្ដដោះស្រាយករណីពលរដ្ឋខ្មែរ ដែលជាប់ពន្ធនាគារនៅម៉ាឡេស៊ី។ ការលើកឡើងរបស់ លោកទេសរដ្ឋមន្ដ្រី បន្ទាប់ពីមានការលេចឭនូវព័ត៌មានថា នៅមានពលរដ្ឋខ្មែរកំពុងតែជាប់ពន្ធនាគារ Juru ប្រទេសម៉ាឡេស៊ី។
បើតាមលិខិតរបស់ក្រសួងការបរទេស ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ជាក់ពីការណែនាំរបស់លោកទេសរដ្ឋមន្ដ្រីថា ទី១-ត្រូវខិតខំឈ្មុសឈ្មុលរាល់ការលំបាក ក្នុងការទាក់ទងជាមួយអាជ្ញាធរពាក់ព័ន្ធ របស់ប្រទេសជាមិត្តដើម្បីស្រាវជ្រាវថា តើមានពលរដ្ឋខ្មែរកំពុងជាប់ឃុំនៅពន្ធនាគារ Juru ក៏ដូចជាពន្ធនាគារផ្សេងទៀតនៅម៉ាឡេស៊ី ឬទេ ទី២-ក្នុងករណីមានពលរដ្ឋខ្មែរកំពុងជាប់ឃុំ ត្រូវចុះទៅពិនិត្យ សួរសុខទុកដល់ទីកន្លែង ហើយខិតខំអន្តរាគមន៍ស្នើសុំការដោះលែង ពលរដ្ឋខ្មែរដែលកំពុងជាប់ឃុំឃាំង ដើម្បីពួកគេបានវិលត្រឡប់មកកម្ពុជាវិញ។
សូមបញ្ជាក់ថា ពលរដ្ឋខ្មែរចំនួន១៨នាក់ ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ចាប់ដាក់ឃុំនៅពន្ធនាគារ Bukit Jalil ពាក់ព័ន្ធបទល្មើសមួយចំនួន ហើយត្រូវបានដោះលែងវិញថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ បន្ទាប់ពីមានការអន្ដរាគមន៍ពីស្ថានទូតខ្មែរប្រចាំនៅម៉ាឡេស៊ី៕