(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានជំរុញការយកចិត្តទុកដាក់ អនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមកដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនោះក៏មានបន្តរក្សានិរន្តរភាពនៃការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ។

ការជំរុញបែបនេះរបស់នាយឧត្តមសេនីយ៍ នាង ផាត បានធ្វើឡើងក្នុងឱកាសនាយឧត្តមសេនីយ៍ អញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ។

កិច្ចប្រជុំបានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ តំណាងគ្រប់អង្គភាពចំណុះ, អគ្គបញ្ជាការដ្ឋាន, បញ្ជាការដ្ឋានកងទ័ពជើងគោក, បញ្ជាការដ្ឋានកងទ័ពជើងទឹក, បញ្ជាការដ្ឋានកងទ័ពជើងអាកាស និងអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ នាង ផាត បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមចំណុះក្រសួងការពារជាតិ ដែលបានបំពេញភារកិច្ចរបស់ខ្លួន​ បានយ៉ាងល្អប្រសើររយៈពេល៣ត្រីមាសកន្លងមកនេះ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានជំរុញបន្ថែមទៀតដល់បណ្តាអង្គភាពទាំងអស់យកចិត្តទុកដាក់អនុវត្តតាមតួនាទីភារកិច្ចដើម្បីស​ម្រេចបានលទ្ធផលតាមផែនការដែលបានដាក់ចេញ ហើយជាពិសេសត្រូវត្រៀមលក្ខណៈក្នុងការជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលរងគ្រោះដោយទឹកជំនន់ នារដូវវស្សានេះ។

បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៣នេះ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចចំពោះមុខដោយសម្រេចបានសមិទ្ធផលជាច្រើន ដោយរក្សាបាននូវសុខសន្តិភាព អធិបតេយ្យ បូរណភាពទឹកដី ជាពិសេសសន្តិសុខនៅតាមបណ្តោយព្រំដែន។ ឪ

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបន្តថា កងយោធពលខេមរភូមិន្ទ ក៏បានចូលរួម និងសហការធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទផងដែរ ជាក់ស្ដែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈឹមកើតឡើងចំនួន ២,៤៣៣លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន ១,៥៧៦លើក។

អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការធ្វើសមយុទ្ធនាគមាស២០២៣, សមយុទ្ធផ្នែកសុខាភិបាលទេវតាសន្តិភាពឆ្នាំ២០២៣ និងលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌ក្នុងក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្រោមប្រធានបទ «មាតុភូមិដ៏បវរឆ្នាំ២០២៣» ដែលបានបញ្ចប់ប្រកបដោយជោគជ័យ តាមការគ្រោងទុក ជាមួយនឹងការទទួលបាននូវលទ្ធផលល្អ និងបទពិសោធន៍ថ្មីៗសម្រាប់អនុវត្តន៍នៅពេលអនាគតផងដែរ៕