(សៀមរាប)៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បានរៀបចំពិធីប្រគល់ និងទទួលអគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ និងសម្ភារបរិក្ខារពេទ្យ ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាសមិទ្ធិផលថ្មីនៅក្នុង ខេត្តសៀមរាប ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានចាប់ផ្តើមសាងសង់នៅ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានបញ្ចប់ និងត្រូវរៀបចំពិធីប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ជាមួយនឹងការរៀបចំបំពាក់ឧបករណ៍វេជ្ជសាស្ត្រកម្រិតស្តង់ដារ។

ពិធីនេះបានធ្វើឡើងក្រោមវត្ថមានរបស់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប, លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងជាទីប្រឹក្សាក្រសួងសុខាភិបាល និងលោក សាតូ រីយ៉ូតា លេខាទី២នៃការិយាល័យកុងស៊ុលជប៉ុន លោកស្រី មីយ៉ាហារាំ អនុប្រធានការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា លោក មិគិហិរូ អាហ្វីយ៉ា ប្រធានទីប្រឹក្សាក្រុមហ៊ុន AZUSA SEKKEI និងលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ប្រធានមន្ទីរពេទ្យ លោកគ្រូ អ្នកគ្រូពេទ្យជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានលើកឡើងថា សមិទ្ធផលនៃគម្រោងមួយនេះនឹងចូលរួមក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើទំនើបកម្មសេវាសុខាភិបាល ពិសេសសេវាផ្នែកវះកាត់ និងប្រពោធនកម្មសង្គ្រោះបន្ទាន់ ដែលជាផ្នែកមួយដ៍សំខាន់ក្នុងការលើកកំពស់ គុណភាពនៃការផ្តល់សេវាសម្រាបមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។ នាពេលអនាគត អគារនេះនឹងប្រើប្រាស់សម្រាប់ការធ្វើរោគវិនិច្ឆ័យដំបូង ការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាប្រពោធនកម្មវះកាត់សម្រាប់អ្នកជំងឺដែលមាន សភាពធ្ងន់ធ្ងរ ដូចជាការវះកាត់ធំៗគ្រប់ឯកទេសទាំងអស់ និងជាកន្លែងសម្រាកព្យាបាលជំងឺទាំងអស់ដែលពាក់ ព័ន្ធនឹងការវះកាត់ ព្រមទាំងការរួមបញ្ចូលសេវាគាំទ្រមួយចំនួនទៀតដូចជា សេវារូបភាពវេជ្ជសាស្ត្រ កន្លែងបោកគក់ មណ្ឌលរំងាប់មេរោគលើឧបករណ៍ និងឧបករណ៍ បរិក្ខាពេទ្យ ដែលប្រើប្រាស់ក្រោយពេលវះកាត់ និងផ្នែកពាក់ព័ន្ធផ្សេងទៀត។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបន្តថា អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ ត្រូវបានរៀបចំសម្រាប់ផ្នែកផ្តល់សេវាសុខាភិបាលដោយផ្ទាល់មាន ចំនួន១០ផ្នែក រួមមាន៖ (១)ផ្នែកពិគ្រោះជំងឺក្រៅទូទៅ (General OPD Ward) (២) ផ្នែកសង្គ្រោះបន្ទាន់ (Emergency Department) (៣)ផ្នែករូបភាពវេជ្ជសាស្ត្រ (Medical Imagery Department)(៤) ផ្នែកសល្យាសាស្ត្រ និងសណ្តំ (Operating Theater and Anesthesiology)(៥) ផ្នែកប្រពោធន កម្មវះកាត់ (Surgical ICU) (៦)ផ្នែក របួសគ្រាំគ្រានិងវះកាត់ឆ្អឹងសន្លាក់ (Trauma and Orthopedic Surgery Ward) (៧)ផ្នែកត្រចៀកច្រមុះបំពង់កនិងវះ កាត់មុខនិងឆ្អឹងថ្គាម (ENT and Maxillofacial Surgery Ward) (៨) ផ្នែកវះកាត់ទ្រូងនិងពោះ (Abdominal and thoracic Surgery Ward) (៩)ផ្នែកវះកាត់ប្រព័ន្ធម៉ូត្រសាស្ត្រ (Urology Surgery Ward) និង(១០)ផ្នែកវះកាត់ប្រព័ន្ធ ប្រសាទ (Neurology Surgery Ward) និងចំនួនគ្រែអ្នកជំងឺសម្រាកពេទ្យសរុបមាន២២៦គ្រែផង​ដែរ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា សំណង់អគារថ្មីនេះ រួមមាន៖ អគារមួយដែលទំហំ ២៥គុណនឹង ៦៨ម៉ែត្រ បួនជាន់ កំពស់ ២៧.០៥ម៉ែត្រ ដែលសាងសង់ លើផ្ទៃដីចំនួន ៣,៨១១ម៉ែត្រការេ ហើយសំណង់នេះ ត្រូវបានរៀបចំប្រព័ន្ធគ្រប់គ្រង និងព្យាបាលតាម លក្ខណៈស្តង់ដារ មន្ទីរពេទ្យ។ ក្រៅពីការរៀបចំរចនាសម្ព័ន្ធខាងក្នុង អគារនេះក៏មានបណ្តាញទំនាក់ទំនង និងមាន ជណ្តើរថ្មើរជើងចំនួនពីរ និងបំពាក់ជណ្តើរយន្តចំនួនពីរផងដែរ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានដាក់ឈ្មោះថា «មណ្ឌលផ្តល់សេវាផ្នែកវះកាត់ នៃមន្ទីពេទ្យបង្អែកខេត្តសៀមរាប»

លោក សាតូ រីយ៉ូតា បានលើកឡើងថា អាគារមន្ទីរពេទ្យថ្មីនេះនឹងក្លាយជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរ។ ថ្វីត្បិតតែ សេវាវិទ្យាសាស្ត្រនៅកម្ពុជា មានភាពប្រសើរឡើងជាបណ្តើរៗក៏ដោយ ប៉ុន្តែយើងដឹងហើយថា តំបន់ជនបទរួមទាំងខេត្តសៀមរាប នៅតែមានបញ្ហាប្រឈមជាច្រើនទាក់ទងទៅនឹងអគារ បរិក្ខារពេទ្យ និងធនធានមនុស្សបើបករៀបធៀបទៅនឹងរាជធានីភ្នំពេញ។

លោក សាតូ រីយ៉ូតា បានបន្តថា នៅក្នុងអគារមន្ទីរពេទ្យថ្មីដែលបានប្រគល់នឹងទទួលនៅថ្ងៃនេះ បានដាក់បញ្ចូលរួមគ្នានូវមុខងារវេជ្ជសាស្ត្រ ដែលកាលពីមុនត្រូវបានដាក់ពង្រាយអគារផ្សេងពីគ្នា ហើយបន្ទប់ព្យាបាលក៏ត្រូវបានរៀបចំ ដោយមានការពិចារណាទៅលើការផ្តល់វេជ្ជសាស្ត្រ ដែលអាចធ្វើឲ្យអ្នកជំងឺទទួលបានការថែទាំសុខភាពកាន់តែមានប្រសិទ្ធភាពនាពេលអនាគត។ លើសពីនេះទៀត គម្រោងរបស់រាជរដ្ឋាភិបាលជប៉ុន បរិក្ខារពេទ្យនានា រួមមាន៖ ម៉ាស៊ីនថតកាំរស្មីអ៊ិច នឹងត្រូវដាក់ឲ្យប្រើប្រាស់នូវមន្ទីរពេទ្យបង្អែកស្រុកចំនួន០៤ ក្មុងខេត្តសៀមរាប បន្ថែមពីលើមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លោកបានបន្តទៀតថា កម្មវិធីគោលនយោបាយអាទិភាពទង០៦ នៃវេទិការនយោបាយថ្មីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាប់នៅខែសីហា គឺការផ្តល់ការថែទសុខភាព ឆ្ពោះទៅរកកម្មវិធីគ្រប់គ្រង់សុខភាពជាសកល ប្រទេសជប៉ុន នឹងបន្តចូលរួមចំណែកជីវភាពរស់នៅប្រកបដោយសុខភាពល្អ របស់ប្រជាជនកម្ពុជាតាមរយៈការផ្តលជំនួយក្នុងវិស័យសុខាភិបាល។

លោក ពិន ប្រាកដ បានលើកឡើងថា សមិទ្ធផលដែលជាអំណោយដ៍ថ្លៃថ្លានេះ នឹងត្រូវរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលដ៍ខ្លី ខាងមុខនេះ ហើយក៏ជាសកម្មភាពចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើ ទំនើបកម្មសេវាសុខាភិបាល ដើម្បីលើកកម្ពស់គុណភាពនៃការផ្តល់សេវាជូនប្រជាជនមួយកម្រិតទៀត។

លោកបន្តថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណ និងសោមនស្សរីករាយបំផុត ចំពោះសមិទ្ធិផលថ្មីនេះ និងសូមចារិកទុកក្នុងចិត្តថា នេះជាសមិទ្ធិផល ទុកជាសម្បត្តិប្រើប្រាស់ យូរអង្វែងសម្រាប់យើងទាំងអស់គ្នា និងជាចំណងដៃក្នុងទំនាក់ទំនងមិត្តភាពដ៏ល្អ និងយូរអង្វែង រវាងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា-ជប៉ុន និងសូមប្រើប្រាស់អគារនេះ ដោយយកចិត្តទុកដាក់រក្សាអនាម័យនិងការថែទាំឲ្យបាន ស្អាតល្អ ដើម្បីជាគុណប្រយោជន៍រយៈពេលយូរអង្វែងរបស់យើងគ្រប់គ្នា៕