(ថៃ)៖ មានករណីបំផ្ទុះគ្រាប់បែកពីរកន្លែងផ្សេងទៀត នៅមុខស្ថានីយប៉ូលិស និងនាយកដ្ឋានកងម៉ារីន ក្នុងខេត្ត Kanchanaburi កណ្ដាលប្រទេសថៃ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួស៤នាក់។ (ជាករណីលើកទី៣) នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍ចេញផ្សាយនៅមុននេះបន្តិច។
ប៉ូលិសប្រចាំតំបន់ លោក Sirichai Singwasin បានថ្លែងឲ្យដឹងថា នៅម៉ោងប្រមាណ ៨៖០២នាទីព្រឹក មានករណីបំផ្ទុះគ្រាប់បែកមួយឡើងនៅមុខនាយកដ្ឋានកងម៉ារីនប្រចាំតំបន់ ដែលបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៣០នាទីក្រោយមកក៏កើតមានករណីផ្ទុះគ្រាប់បែកផ្សេងទៀតនៅមុខស្ថានីយប៉ូលិសក្នុងស្រុក Maung ចម្ងាយ ៤០០ម៉ែត្រពីនាយកដ្ឋានកងម៉ារីន ដែលបណ្ដាលឲ្យមនុស្ស៤នាក់របួស។
យោងតាមការបញ្ជាក់ពីប៉ូលិសបានឲ្យដឹងថា គ្រាប់បែកដែលផ្ទុះទាំងពីរលើកនោះ អាចជាគ្រាប់បែកច្នៃ ដែលផលិត និងបញ្ជាតាមរយៈទូរស័ព្ទដៃ។
នៅព្រឹកថ្ងៃនេះផងដែរ ក៏មានករណីផ្ទុះគ្រាប់បែកផ្ទួនៗគ្នានៅ Resort មួយកន្លែង ស្ថិតនៅឆ្នេរសមុទ្រ នៃទីក្រុង ហួរហីន (Hua Hin) ប្រទេសថៃ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និង២៣នាក់រងរបួស និងមួយករណីទៀតកើតមាននៅភាគខាងត្បូងប្រទេសថៃ សម្លាប់មនុស្សម្នាក់ និងមិនទាន់ដឹងពីអ្នករងរបួស។
សូមជំរាបថា កាលពីយប់មិញមានករណី ផ្ទុះគ្រាប់បែក២គ្រាប់ ស្ថិតនៅក្បែរឆ្នេរសមុទ្រ នៃទីក្រុង ហួរហីន (Hua Hin) បណ្តាលឲ្យស្រ្តីម្នាក់ ជាអ្នកលក់ដូរនៅតាមឆ្នេរសមុទ្រស្លាប់ ក្នុងនោះរងរបួស២៣នាក់ មាន៩នាក់ជាជនជាតិបរទេស៕