(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ដំណើរការជាផ្លូវការនៃ «កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល» និងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងការជំរុញការអភិវឌ្ឍជំនាញឌីជីថលរវាង ក.ប.ទ. និងគ្រឹះស្ថានឧត្តមសិក្សាដៃគូទាំង៦ ដែលរួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យផារ៉ាហ្គន។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ អង្គភាពចំណុះ ក.ប.ទ. តំណាងគ្រឹះស្ថានឧត្ដមសិក្សាដៃគូទាំង៦ តំណាងវិស័យឯកជន និងអង្គភាពសារព័ត៌មាន ដែលមានចំនួនសរុបប្រមាណ ៣០០នាក់។ កម្មវិធីនេះ បានរៀបចំធ្វើឡើង នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.)។

រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា ដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការបង្កើនការ អភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន និងមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការបោះជំហាន ឲ្យក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចឌីជីថល និងរដ្ឋបាលឌីជីថលប្រកបដោយប្រសិទ្ធភាពខ្ពស់។

ស្របជាមួយគ្នានេះ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបន្តថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើត «កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល» ដែលកម្មវិធីនេះ នឹងអនុញ្ញាតឲ្យសិស្ស ដែលមិនមានលទ្ធភាព បង់ថ្លៃសិក្សា អាចស្នើសុំថវិកាសិក្សាដែលមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់កម្មវិធី។ និស្សិតត្រូវទូទាត់មកវិញនូវ ២០% នៃបៀវត្សប្រចាំខែ នៅពេលដែលខ្លួនចេញធ្វើការ និងទទួលបានបៀវត្សចាប់ពី ៥០០ដុល្លារអាម៉េរិកឡើងទៅ ដើម្បីទ្រទ្រង់និរន្តរភាព នៃកម្មវិធីសម្រាប់និស្សិតជំនាន់ក្រោយ។

រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្ដមសិក្សាដៃគូលើថវិកាសិក្សា គឺជាវឌ្ឍនភាពបន្ថែមថ្មីមួយទៀតរបស់ក្រសួង ក្នុងការបន្តអភិវឌ្ឍធនធានមនុស្សលើវិស័យបច្ចេកវិទ្យា ឌីជីថល និងផែនការអភិវឌ្ឍមូលធនមនុស្ស ដែលចូលរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថល។

ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបញ្ជាក់ថា ការលើកកម្ពស់ការអប់រំ លើជំនាញបច្ចេកវិទ្យាឌីជីថលប្រកបដោយគុណភាព ជាយុទ្ធសាស្រ្តដ៏សំខាន់មួយនៃបេសកកម្មរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការធ្វើបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំនៅកម្ពុជា។

រដ្ឋមន្ត្រី ជា វ៉ាន់ដេត ជឿជាក់យ៉ាងមុតមាំថា កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល នឹងទទួលបានជោគជ័យ ហើយផ្តល់ផ្លែផ្កាត្រលប់មកវិញ នូវមូលធនមនុស្សឌីជីថល ដែលជាកម្លាំងសកម្ម ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏សូមលើកទឹកចិត្តដល់សិស្សនិស្សិតទាំងអស់ ដែលមានតម្រូវការស្នើសុំហិរញ្ញប្បទានសិក្សាពីកម្មវិធី អភិវឌ្ឍន៍ជំនាញឌីជីថល អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៩៨ ៩៤៣ ៧៧៧ ឬគេហទំព័រ www.dsdp.gov.kh ឬតាមដានហ្វេសប៊ុកផ្លូវការឈ្មោះ «កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល»។

នៅក្នុងឱកាសនោះ លោកស្រី ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជម្រាបជូនអំពីសាវតារ នៃការបង្កើត «កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល» (ក.អ.ជ.ឌ.) និងមានឈ្មោះជាភាសាអង់គ្លេសថា «Digital Skill Development Program» (DSDP) ក្នុងកម្មវត្ថុចម្បងចំនួន៣ ដែលរួមមាន៖
(១)៖ ការចូលរួមអនុវត្តក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០២៣៥
(២)៖ ការលើកកម្ពស់ស្តង់ដាគុណវុឌ្ឍិ នៃការអប់រំលើមុខជំនាញដែលទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល
និង (៣)៖ ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការផ្តល់ថវិកាសម្រាប់ការអភិវឌ្ឍជំនាញឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបម្រើដល់ការអប់រំ។

បន្ថែមលើនេះ លោក ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកឡើងថា ក្នុងនាមជាតំណាងគ្រឹះស្ថានឧត្តមសិក្សាដៃគូទាំង៦របស់ ក.ប.ទ. ដែលឆ្លុះបញ្ជាំងពីការប្តេជ្ញា របស់គ្រឹះស្ថានឧត្តមសិក្សាដៃគូ ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយក្រសួង លើការបន្តជំរុញការអប់រំពាក់ព័ន្ធនឹងជំនាញឌីជីថលនៅកម្ពុជា៕