(ពោធិ៍សាត់)៖ លោក​ ម៉ក់​ រ៉ា​ ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់​ និងលោកស្រី​ ប៉ុក​ ណាឌី​ អភិបាលរងនៃខេត្ត​ តំណាងលោក​ ខូយ​ រីដា​ អភិបាលខេត្តពោធិ៍សាត់​ ព្រមទាំងអង្គភាពស្នងការនគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០២​ ខែតុលា​ ឆ្នាំ២០២៣នេះ​ បានអញ្ជើញចូលរួមកាន់បិណ្ឌ​ វេនទី៣​ នៅវត្តពាលញែក​ ស្ថិតក្នុងភូមិពាលញែក២​ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់។

ថវិកា និងទេយ្យទាន សម្រាប់ចូលរួមកាន់បិណ្ឌវេនទី៣ ក្នុងវត្តពាលញែក ក្រោមការផ្តួចផ្តើមឡើងដោយក្រុមប្រឹក្សាខេត្ត គណៈ​ អភិបាលខេត្ត និងមន្ត្រីរាជការសាលាខេត្ត រួមមានអង្ករ២៥០គីឡូក្រាម មី៥កេសតូច ទឹកក្រូច៥កេស ទឹកសុទ្ធ៥កេស ទឹកត្រី ទឹកស៊ីអ៊ីវមួយចំនួន និងថវិកាចំនួន១លានរៀល ក្រុមការងារចុះជួយសង្កាត់ផ្ទះព្រៃ ថវិកា៥០ម៉ឺនរៀល និងអង្គភាពស្នងការដ្ឋាននគរបាលខេត្ត អង្ករ១០០គីឡូក្រាម មី១កេសធំ និងថវិកា២០ម៉ឺនរៀល។

បន្ទាប់ពីជួបជុំថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​​ បានរៀបចំនមស្សការព្រះរតនត្រៃសមាទានសីល រួចនិមន្តព្រះសង្ឃសម្តែងព្រះធម៌ទេសនា និងរាប់បាតនោះរួចមក លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ជួសមុខឱ្យលោក លោកស្រី ក្នុងជួរក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការសាលាខេត្ត អង្គភាពស្នងការនគរបាលខេត្ត និងក្រុមការងារចុះជួយសង្កាត់ផ្ទះព្រៃ ព្រមទាំងបងប្អូនពុទ្ធបរិស័ទ សូមសម្តែងការអបអរសាទរ ដោយបានចំណាយធនធានមកចូលរួមវេនកាន់បិណ្ឌទី៣ វត្តពាលញែក រួមចំណែកជួយទ្រទ្រង់ និងផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃជាង២០០អង្គ ដែលជាសមណសិស្ស។

លោកបានលើកឡើងថថា ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក រដ្ឋបាលខេត្តរួមជាមួយ មន្ត្រីអ្នកមុខអ្នកការ តែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំមកនូវទេយ្យទាន និងថវិកា ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗមិនដែលខកខាននោះឡើយ។ ជាក់ស្តែងឆ្នាំនេះ ទោះជាស្ថានភាពក្នុងរយៈពេលប៉ុន្មានថ្ងៃ ខេត្តពោធិ៍សាត់បានទទួលរងគ្រោះជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរបណ្តាលឱ្យខូចខាតផ្ទះសម្បែង ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន យ៉ាងណាក៏ដោយ ក៏នៅតែបន្តចូលរួមកាន់បិណ្ឌ នៅតាមបណ្តាវត្តអារាមមិនដាច់នោះឡើយ ក្នុងគោលបំណងចូលរួមផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដែលមានរយៈពេល៣ខែ ចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា និងសមណសិស្សកំពុងសិក្សាក្នុងទីវត្តអារាមផងដែរ។

លោកបានចាត់ទុកថា បុណ្យកាន់បិណ្ឌ និងបុណ្យ ភ្ជុំបិណ្ឌគឺជាបុណ្យធំជាងគេនៅក្នុងចំណោមបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ ហើយជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែចូលរួមអភិរក្ស ថែរក្សាមិនឱ្យបាត់បង់ប្រយោជន៍ ទុកសម្រាប់កូនចៅជំនាន់ក្រោយៗប្រតិបត្តិ។

លោកបានរំលឹកថា ជាការពិតណាស់ថា នៅក្នុងអំឡុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជារដូវវស្សាមានរលឹម ភ្លៀងផ្គរ ជោគជាំ តែងតែបង្កការលំបាកដល់ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ពេលធ្វើគោចរបិណ្ឌបាត ដូចនេះហើយបានជាពុទ្ធបរិស័ទយើងបានបង្កើតកម្មវិធីវេនកាន់បិណ្ឌនេះឡើង មានរយៈពេល១៥ថ្ងៃ ទាំងថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្កភាពងាយស្រួលដល់ព្រះសង្ឃគ្រប់ទីវត្តអារាមទូទាំងខេត្ត។ ទាំងនេះដោយសារការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍រីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ក្នុងនាមប្រធានក្រុមប្រឹក្សាខេត្ត លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង អូរ ព្រែក គប្បីបង្កើនការប្រុងប្រយ័ត្ន អំពីគ្រោះទឹកជំនន់ដែលពេលថ្មីៗ។ ជាមួយគ្នានោះ លោកបានក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់ អំពីបញ្ហាសុខុមាលភាពផ្ទាល់ខ្លួន និងធ្វើការដាំដុះឡើងវិញ ក្រោយពីទឹកសម្រក់ ដើម្បីបង្កើនជីវភាពឱ្យកាន់តែប្រសើរឡើង៕