(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានរៀបចំបង្កើតឱ្យមានកម្មវិធីវេចនំទំនៀមទម្លាប់ខ្មែរ ក្នុងគោលបំណងដើម្បីចូលរួមអភិរក្សនូវនំប្រពៃណីខ្មែរ ព្រមទាំងបង្ហាត់បង្ហាញយុវជនជំនាន់ក្រោយឱ្យបានយល់ដឹង និងចេះចាំអំពីរបៀបនៃការវេចនំប្រពៃណីខ្មែររបស់ដូនតាយើង។

កម្មវិធីនេះបានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ក្នុងបរិវេណសាលាខេត្តកំពត។

ក្នុងកម្មវិធីចូលរួមវេចនំតាមទំនៀមទម្លាប់ប្រពៃណីខ្មែរខាងលើនេះ ដែលចូលរួមដឹកនាំដោយលោកអភិបាលខេត្ត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន គឺធ្វើឡើងនៅក្នុងរដូវបុណ្យភ្ជុំជារៀងរាល់ឆ្នាំ។ ហើយការវេចនំនេះ ក៏នឹងបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរ បង្ហាញឱ្យឃើញនូវការចេះជួយចែករំលែកនូវបទពិសោធន៍ផ្សេងៗពីចាស់ព្រឹទ្ធចារ្យទៅដល់យុវជនជំនាន់ក្រោយ ឱ្យពួកគាត់បានចេះចាំអំពីរបៀបនៃការវេចនំ និងជំរុញឱ្យយុវជនជំនាន់ក្រោយបន្តប្រពៃណីវេចនំនេះ តទៅមុខទៀតកុំឱ្យមានការបាត់បង់។ ម្យ៉ាងទៀតក្នុងន័យចូលរួមអបអរសាទរ ក៏ដូចជាចូលរួមថែរក្សានូវនំប្រពៃណីខ្មែរដែលមានតាំងពីដូនតាមក។

តាមលោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្តកំពត បានឱ្យដឹងថា ក្នុងពិធីនេះ រដ្ឋបាលខេត្ត បានផ្តល់នូវអង្ករដំណើប ចំនួន ៥០០គីឡូក្រាម, សាច់ជ្រូក ១៥០គីឡូក្រាម, សណ្តែកបាយ ១០០គីឡូក្រាម និងផ្លែចេក ៧០ស្និត ដោយមានការចូលរួមវេចនំពីសំណាក់ចាស់ព្រឹទ្ធាចារ្យ សមាជិក សមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត សមាគមកាយឫទ្ធិនារីកម្ពុជាខេត្តកំពត កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការសាលាខេត្តកំពត សរុបប្រមាណជា ៦០០នាក់។

សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលរដ្ឋបាលខេត្តកំពត បានធ្វើពិធីវេចនំប្រពៃណីខ្មែរនេះឡើង ហើយពិធីនេះនឹងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ នាឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង៕