(ពោធិ៍សាត់)៖ ផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង នៅជាប់នឹងសណ្តរស្ទឹងពោធិ៍សាត់ ត្រូវលិចចូលក្នុងស្ទឹង ដោយសារបាក់ស្រុតដីនៅច្រាំងស្ទឹង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥៖១៥នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឱ្យដឹងថា ករណីបាក់ស្រុតផ្ទះប្រជាពលរដ្ឋចូលច្រាំងស្ទឹងខាងលើកើតឡើងលើម្ចាស់ផ្ទះឈ្មោះ យក់ សុភ័ក្រ្ត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។ ចំពោះសម្ភារខូចខាតរួមមានផ្ទះទំហំ ៤គុណ ៥ម៉ែត្រ ធ្វើអំពីថ្មី ប្រក់ស័ង្កសី និងសម្ភារមួយចំនួនធំ។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះ បានឱ្យដឹងថា នៅមុនកើតហេតុ ពួកគាត់កំពុងអង្គុយក្នុងផ្ទះ បានលឺសំឡេងស្រឹបៗជាច្រើនដង ហើយផ្ទះចេះតែរង្គើរ ដោយភ្លាមៗនោះពួកគាត់បាននាំគ្នារត់ចេញទៅខាងក្រៅ ក៏ស្រាប់តែឃើញដីក្រោមផ្ទះដែលនៅជាប់នឹងច្រាំងស្ទឹង មានការបាក់ស្រុតបន្តិចម្តងៗ លុះមិនបានប៉ុន្មាន ក៏ស្រុតរលំផ្ទះ ទៅក្នុងស្ទឹងតែម្តង។
ប្រភពបានបន្ថែមទៀតថា ដោយសារហេតុការណ៍ភ្លាមៗពេក ពួកគាត់មិនអាចប្រមូលអីវ៉ាន់ និងសម្ភារៈចំបាច់បានច្រើនប៉ុណ្ណោះទេ ដោយយកបានតែសម្ភារៈ និងរបស់របរមួយចំនួន។ ជាមួយគ្នានោះ សម្ភារដែលលិចចូលស្ទឹង ត្រូវបានប្រជាពលរដ្ឋ ជួយស្រង់យកមកវិញបានខ្លះ ដូចជា៖ គ្រែ តុ ទូ កៅអី។
ក្រោយកើតហេតុ គេសង្កេតឃើញមានវត្តមានរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចុះដល់ទីតាំងខាងលើ ដើម្បីជួយអន្តរាគមន៍ ដល់ប្រជាពលរដ្ឋផងដែរ៕