(ភ្នំពេញ)៖ បើទោះបីអនុក្រឹត្យស្តីពី «ការកំណត់អត្រា និងបែបបទ នៃការជ្រើសរើសជនពិការចូលបម្រើការងារ» ដែលកំណត់ឲ្យវិស័យ ឯកជនជ្រើសរើសជនពិការចូលបម្រើការងារឲ្យបានមួយភាគរយ នៃចំនួនបុគ្គលិកសរុបរបស់ខ្លួន ត្រូវបានដាក់ឲ្យអនុវត្តតាំងពីឆ្នាំ២០១០កន្លងមកក្តី តែរយៈពេល ៦ឆ្នាំមកនេះ គេមើលឃើញថា វិស័យឯកជនហាក់មិនបានជ្រើសរើសជនពិការឲ្យចូលបម្រើការងារនៅតាម ក្រុមហ៊ុន រោងចក្រ សហគ្រាសរបស់ពួកគេ តាមការកំណត់របស់រាជរដ្ឋាភិបាលនោះឡើយ។
ការដែលវិស័យឯកជនមិនបានជ្រើសរើសជនពិការឲ្យចូលបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសនេះ មិនមែនមកពីវិស័យ ឯកជនរើសអើងចំពោះជនពិការនោះឡើយ តែអ្វីដែលធ្វើឲ្យវិស័យឯកជនមិនសូវបានជ្រើសរើសជនពិការចូលបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសរបស់ពួកគេ ដោយសារភាពសហការរវាងក្រុមហ៊ុនឯកជន ជាមួយជនពិការ ក៏ដូចជាក្រសួងស្ថាប័ន និងអង្គការដែលគាំពារលើជនពិការនៅមិនទាន់ភាពល្អប្រសើរ។ ប្រការនេះ ធ្វើឲ្យដំណឹង នៃការជ្រើសរើសការងាររបស់វិស័យឯកជនទៅមិនដល់ ជនពិការ ហើយជនពិការ ក៏មិនបានដឹងពីដំណឹងជ្រើសរើសការងារ របស់វិស័យឯកជនផងដែរ។
ដើម្បីស្វែងរកភាពស៊ីសង្វាក់គ្នារវាងវិស័យឯកជន ជាមួយក្រសួង និងអង្គការសង្គមស៊ីវិល ដែលគាំពារលើជនពិការ ក្នុងការផ្តល់ការងារជូនជនពិការនោះ នៅថ្ងៃទី១០ ខែសីហា នេះ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបើកសិក្ខាសាលា ដោយកោះហៅវិស័យឯកជន រួមនិងអង្គការសង្គមស៊ីវិលធ្វើសកម្មភាព លើពិការភាពជួបជុំគ្នាពិភាក្សា និងរិះរកគន្លឹះមួយចំនួនក្នុងការផ្តល់ការងារជូនជនពិការ។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា ជនពិការនៅកម្ពុជានា ពេលបច្ចុប្បន្នមានរហូតដល់ទៅជាង ៥០ម៉ឺននាក់ ហើយក្នុងនោះមានជនពិការជាយុវវ័យប្រមាណ ១៧ភាគរយ កំពុងស្វែងរកការងារ ដើម្បីចិញ្ចឹមជីវិតរបស់ពួកគេ។
លោកអគ្គលេខាធិការបន្តថា បច្ចុប្បន្នក្រសួងស្ថាប័នរដ្ឋ បានចូលរួមអនុវត្តអនុក្រឹត្យ ស្តីពី «ការកំណត់អត្រា និងបែបបទ នៃការជ្រើសរើសជនពិការចូលបម្រើការងារ» ដោយបានចូលរួមជ្រើសរើសជនពិការចូលបម្រើការមានចំនួនកើនឡើងគួរកត់សម្គាល់។ បើតាមលោក អគ្គលេខាធិការ នៅឆ្នាំ២០១៥កន្លងទៅនេះ ក្រសួងស្ថាប័នរដ្ឋបានជ្រើសរើសជនពិការ ឲ្យចូលរួមបម្រើការងារបានរហូតដល់ទៅ ២,៣២៣រូប។ តែសម្រាប់វិស័យឯកជនវិញ គឺមានចំនួនតិចតួចបំផុត ដែលចូលរួមអនុវត្តនូវអនុក្រឹត្យមួយនេះ។
លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា បន្ទាប់ពីការជួបប្រជុំពិភាក្សា តំណាងមកពីវិស័យឯកជនបានលើកឡើងថា ពួកគេមិនបានរើសអើង ចំពោះជនពិការនោះឡើយ តែពួកគេមិនទាន់ជ្រាបច្បាស់ពីអនុក្រឹត្យរបស់រាជរដ្ឋាភុបាល ហើយពួកគេក៏មិនបានដឹងថា ត្រូវផ្សព្វផ្សាយដំណឹងទៅកាន់ជនពិការដោយរបៀបណា។
ក្រោយពីបានជួបពិភាក្សាគ្នា ទាំងភាគីរាជរដ្ឋាភិបាល អង្គការធ្វើសកម្មភាពគាំពារជនពិការ និងវិស័យឯកជន បានព្រមព្រៀងបង្កើតកិច្ច សម្របសម្រួលផ្តល់ដំណឹងជូនគ្នាទៅវិញទៅមក ពីដំណឹងជ្រើសរើសជនពិការចូលបម្រើការងារ ក៏ដូចជាព័ត៌មានជនពិការ កំពុងស្វែងរកការងារផងដែរ។
បើតាមលោក ឯម ច័ន្ទមករា ក្រុមប្រឹក្សាសកម្មភាពជនពិការ នឹងធ្វើការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ បន្ថែមទៀតទៅកាន់វិស័យឯកជន ដើម្បីឲ្យពួកគេចូលរួមអនុវត្តអនុក្រឹត្យ ស្តីពីការជ្រើសរើសជនពិការចូលបម្រើការងារ ក៏ដូចជាជំរុញឲ្យវិស័យឯកជនទាំងជ្រើសរើស ជនពិការចូលបម្រើការងារផងដែរ។ ក្រៅពីនោះ ក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏នឹងចុះស្រង់ស្ថិតិនៅតាមក្រុមហ៊ុន រោងចក្រ សហ គ្រាស ពីការជ្រើសរើសជនពិការឲ្យចូលបម្រើការងារផងដែរ។
លោក ឯម ច័ន្ទមករា បានធ្វើការក្រើនរំលឹកថា ពិភារភាព គឺជាបញ្ហាមួយ ដែលទាមទារឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមយកចិត្តទុកដាក់ និងលើកកម្ពស់ទាំងអស់គ្នា ដើម្បីជួយដល់ជីវភាព និងការរស់នៅរបស់ពួកគេឲ្យកាន់តែល្អប្រសើរ។ លោកអគ្គលេខាធិការ បានស្នើឲ្យវិស័យឯកជនទាំងអស់ ចូលរួមផ្តល់ការងារដល់ជនពិការទៅតាមសមត្ថភាព និងជំនាញរបស់ជនពិការ ដើម្បីបង្ហាញពីការចូលរួមគោរពនូវ ច្បាប់រាជរដ្ឋាភិបាលបានកំណត់ ហើយក៏ជាការបង្ហាញនូវសណ្តានចិត្តសណ្តោសប្រណៃ ចំពោះជនពិការផងដែរ។
លោកអគ្គលេខារំពឹងថា វិស័យឯកជននឹងចូលរួមជ្រើសរើសជនពិការ ចូលបម្រើការងារបានកាន់តែច្រើន។ បើតាមលោក ឯម ច័ន្ទមករា ប្រសិនបើវិស័យឯកជន នៅតែបន្តមិនចូលរួមអនុវត្តនូវអនុក្រឹត្យ ស្តីពីការជ្រើសរើសជនពិការចូលបម្រើការងារទេនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញវិធានការក្តៅ ក្នុងការចាប់បង្ខំឲ្យវិស័យឯកជនគោរព និងអនុវត្តនូវអនុក្រឹត្យ ដែលបានដាក់ចេញនេះ៕