(ភ្នំពេញ)៖ ប្រជាពលរដ្ឋរាជធានីភ្នំពេញ បានអបអរសាទរចំពោះការដំឡើងប្រាក់ឈ្នួល២០៤ដុល្លារ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ជូនចាប់ពីឆ្នាំ២០២៤។
ចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា បានសម្រេចផ្តល់ប្រាក់ឈ្នួលគោលជូនកម្មករនិយោជិតក្នុងវិស័យរោងចក្រ និងវាយនភណ្ឌចំនួន២០៤ដុល្លារ។
លោក អេម សាអឿន ប្រជាជាពលរដ្ឋក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ រាជធានីភ្នំពេញ បានបញ្ជាក់ថាការដំឡើងប្រាក់ឈ្នួលចំនួន២០៤ដុល្លារនេះ អាចទទួលយកបាន ពីព្រោះសេដ្ឋកិច្ចក្នុងពិភពលោក និងសេដ្ឋកិច្ចក្នុងតំបន់ កំពុងមានភាពរំជើបរំជួល និងមិនច្បាស់លាស់ដែលចាំបាច់ត្រូវរក្សាការងារបច្ចុប្បន្នឱ្យបាន។
បន្ថែមពីនេះ លោកស្រី មាស សុខហេង អ្នកលក់ចាប់ហួយនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា បើការដំឡើងនេះ ធ្វើឱ្យរក្សាបានការងារនិងបង្កើនការវិនិយោគបន្ថែមគឺជារឿងដែលកម្មករត្រូវទទួលយកដោយក្តីរីករាយព្រោះស្ថានភាពសេដ្ឋកិច្ច មានភាពលំបាកដែលទាមទារឱ្យកម្មករត្រូវអត់ធ្មត់។ ម្យ៉ាងទៀត ការទាក់ទាញវិនិយោគិនបន្ថែមដើម្បីបង្កើតការងារថ្មី គឺជាអ្វីដែលត្រូវគិតពិចារណាដើម្បីបង្កើនជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចជាតិជារួម។
សូមបញ្ជាក់ថា ក្រៅពីប្រាក់ឈ្នួលគោលសុទ្ធចំនួន២០៤ដុល្លារហើយនោះ កម្មករជាទូទៅ នៅទទួលបានប្រាក់អត្ថប្រយោជន៍បន្ថែមផ្សេងទៀតរួមមាន ប្រាក់ធ្វើការទៀងទាត់ ប្រាក់ធ្វើដំណើរនិងស្នាក់នៅ និងប្រាក់រង្វាន់អតីតភាពការងារដែលជាមធ្យមកម្មករម្នាក់នឹងទទួលបានចន្លោះ២២១ដុល្លារដល់២៣២ដុល្លារ៕