(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់អតីតសមរភូមិប្រយុទ្ធ ហើយកំពុងផលប៉ះពាល់ដោយសារទឹកជំនន់ សូមប្រុងប្រយ័ត្នលើបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោយទឹកជំនន់។

លោកបានអំពាវនាវដូច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់អតីតសមរភូមិប្រយុទ្ធ សូមមេត្តាប្រុងប្រយត្ន័គ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម​ ក្រោយទឹកជំនន់។ សូមទាក់ទងអាជ្ញាធរមូលដ្ឋាន ឬអង្គភាពស៉ីម៉ាក់​ នៅពេលជួបប្រទះគ្រាប់មីន ឬសំណល់យុទ្ធភណ្ឌសង្គ្រាមផ្សេងៗ ដើម្បីការឆ្លើយតបបោសសម្អាត ជូនធានាសុខសុវត្ថិភាព»។

សូមជម្រាបថា ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានខេត្តមួយចំនួនរបស់កម្ពុជា ពិសេសខេត្តពោធិ៍សាត់ បាត់ដំបង បានជួបនូវបញ្ហាទឹកជំនន់៕