(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញក្នុងវិស័យធុរកិច្ច បែបព្រះពុទ្ធសាសនារបស់កម្ពុជា បានចាប់ផ្តើមផ្សព្វផ្សាយ ពីការធ្វើធុរកិច្ចតាមទស្សនវិជ្ជាធុរកិច្ចរបស់លោក Kazuo Inamori ដែលជាកំពូលអ្នកជំនួញរបស់ជប៉ុន ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន ប្រកបដោយគុណភាពធម៌។
ការផ្សព្វផ្សាយពីការធ្វើធុរកិច្ច តាមទស្សនវិជ្ជាធុរកិច្ចរបស់លោក Kazuo Inamori បានធ្វើឡើងដោយលោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, លោក អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) រួមនឹងពាណិជ្ជករជប៉ុនមួយចំនួនទៀត។
លោកបណ្ឌិត ម៉ី កល្យាណ មានប្រសាសន៍ថា បន្ទាប់ពីមានការផ្សព្វផ្សាយទស្សនវិជ្ជារបស់លោក Kazuo Inamori សង្កេតឃើញថាមានការចាប់អារម្មណ៍ច្រើន ពីអ្នកដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា លើសពីការរំពឹងទុក។ លោកថា ទស្សនវិជ្ជាធុរកិច្ចរបស់លោក Kazuo Inamori គឺជាទស្សនវិជ្ជាល្អជួយដល់មនុស្ស និងសង្គមដែលអ្នកជំនួញនៅកម្ពុជា គួរអនុវត្តតាម។
លោកបន្តថា បច្ចុប្បន្ននេះ សៀវភៅទស្សនវិជ្ជាធុរកិច្ចរបស់លោក Kazuo Inamori ត្រូវបានបកប្រែជាភាសាខ្មែររួចហើយ និងត្រៀមបោះពុម្ភផ្សាយជាពេលខាងមុខផងដែរ។
លោក អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន ដែលបានទៅស្វែងយល់ពីទស្សនវិជ្ជាធុរកិច្ច របស់លោក Kazuo Inamori នៅប្រទេសជប៉ុន បានសរសើរចំពោះទស្សនវិជ្ជាធុរកិច្ចនេះ ដែលអ្នកជំនួញនៅកម្ពុជា គួរប្រតិបត្តិតាម។
លោកបានឱ្យដឹងថា ទស្សនវិជ្ជាធុរកិច្ចរបស់លោក Kazuo Inamori គឺជាទស្សនវិជ្ជាដែលឈរលើមូលដ្ឋានព្រះពុទ្ធសាសនា ដោយលោកបានយកទ្រឹស្តីមួយផ្នែក របស់ព្រះពុទ្ធសាសនាទៅបំលែង ដើម្បីអនុវត្តផ្ទាល់ ដែលធ្វើឱ្យគាត់ទទួលបានជោគជ័យនៅក្នុងជីវីត និងជោគជ័យមុខជំនួញ ដែលតាមរយៈទស្សនៈនេះអាចធ្វើឱ្យអាជីវកម្ម ដែលជិតក្ស័យធនហើយនោះ បានដំណើររលូនឡើងវិញ និងកាន់រីកធំធាត់ជាងមុនទៀតផង។
ទ្រឹស្តីរបស់លោក Inamori ត្រូវបានគេចាប់អារម្មណ៍ច្រើន បន្ទាប់ពីលោកបានជួយសង្រ្គោះក្រុមហ៊ុនអាកាសចរណ៍មួយរបស់ជប៉ុន ដែលជិតក្ស័យធនឱ្យមានដំណើរការល្អឡើង។
លោក អៀង សុធារ៉ា បានមានប្រសាសន៍ថា កត្តាដែលនាំឱ្យមុខជំនួញទទួលបានជោគជ័យ គឺទី១៖ គិតអំពីសេចក្តីចម្រើន ពោលគឺគិតគូរទៅលើការកើនប្រាក់ចំណេញ កើនទ្រព្យ ចម្រើនតួនាទី ឋានៈ និងសេចក្តីចម្រើនទៅដល់គ្រួសារ សង្គម ក៏ដូចជាបរិស្ថាន។ ទី២. កើនប្រយោជន៍ ពោលគឺផ្តល់ប្រយោជន៍ដល់មនុស្ស សត្វ រុក្ខជាតិ ជាដើម និងទី៣. សេចក្តីសុខ គឺសំដៅទៅលើសេចក្តីសុខផ្លូវកាយ គ្មានជំងឺបៀតបៀន សេចក្តីសុខផ្លូវចិត្ត។
លោកបានគូសបញ្ជាក់បន្ថែមថា «ទាំងអស់គ្នាត្រូវយល់ថា បើកាលណាយើងគិតតែខ្លួនយើងពេក ហើយមិនគិតពីសង្គម ថ្ងៃណាមួយនឹងមានបញ្ហា។ ហើយការរកស៊ីនោះ បើយើងគិតតែលើខ្លួនយើងពេក មិនគិតទៅលើធម្មជាតិ នោះធម្មជាតិ ក៏ដាក់ទោសយើងដូចគ្នា។ អ៊ីចឹងដើម្បីឱ្យក្រុមហ៊ុនហ្នឹងទៅមុខរហូត ទាល់តែយើងគិតពីបុគ្គលិក គិតពីក្រុមគ្រួសារ មាតាបិតា គិតពីស្រុកខ្មែរទាំងមូល និងពិភពលោក នោះនឹងដំណើរការទៅដោយល្អ នេះគឺជាចំណុចគន្លឹះដែលនាំឱ្យជោគជ័យ»។
លោកបានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ ទស្សនវិជ្ជាធុរកិច្ចរបស់លោក Kazuo Inamori ត្រូវអនុវត្តភាគច្រើននៅប្រទេសជប៉ុន ខណៈប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀត ក៏បានចាប់ផ្តើមអនុវត្តទ្រឹស្តីនេះខ្លះៗផងដែរ។ ចំណែកនៅកម្ពុជា បាននឹងកំពុងចាប់ផ្តើមផ្សព្វផ្សាយ។
លោកសង្ឃឹមថា អ្នកប្រកបរបររកស៊ីនៅកម្ពុជា នឹងចាប់អារម្មណ៍ការរកស៊ីបែបព្រះពុទ្ធសាសនា ដែលធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន មានភាពសុខដុមរមនានៅក្នុងការធ្វើធុរកិច្ច ការវិនិយោគ និងធ្វើឱ្យមានលំនឹងក្នុងអាជីវកម្ម ដែលជាកត្តាជំរុញឱ្យមានកំណើនសេដ្ឋកិច្ច។
គួរជម្រាបថា លោក Kazuo Inamori គឺជាអ្នកដឹកនាំធុរកិច្ចដ៏ល្បីបំផុតមួយរូប ក្នុងប្រទេសជប៉ុន ដែលបានបង្កើតក្រុមហ៊ុនសាជីវកម្ម Kyocera និង KDDI ហើយលោកក៏ប្រធានក្រុមហ៊ុន Japan Airline ដោយបានដឹកនាំធ្វើឱ្យក្រុមហ៊ុនអាកាសចរនេះ រស់រានឡើងវិញផងដែរ។ ទស្សនវិជ្ជាអាជីវកម្មរបស់លោក គឺផ្អែកទៅលើ «ការរស់នៅតាមរបៀបត្រឹមត្រូវ ក្នុងនាមជាមនុស្ស-Living in the right way as human being»។ លោក Inamori បានទទួលមរណភាពនៅខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ៕