(កណ្តាល)៖ លោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី រួមទាំងក្រុមការងារ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ កាន់បិណ្ឌវេនទី៣ និងនាំយកទេយ្យវត្ថុ បច្ច័យ វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តពាមមង្គល ស្ថិតនៅក្នុងភូមិពាម ឃុំ រកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

នាឱកាសនោះលោក ហាស់ វ៉ារី ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុកដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកតា លោកយាយ ប្រជាការងារ និងប្រជាពលរដ្ឋទាំងអស់ នាឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូបផងដែរ។

គួរជម្រាបដែរថា ទេយ្យវត្ថុដែលលោក ហាស់ វ៉ារី យកប្រគេនជូនដល់ព្រះសង្ឃនាឱកាសនេះរួម៖ ទឹកបរិសុទ្ធ ១កេស ទឹកផ្លែឈើ ១កេស ទឹកក្រូច ១កេស និងបានប្រគេនបច្ច័យកសាងចំនួន ២០០០ដុល្លារ, ប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តចំនួន ២០ម៉ឺនរៀល, ប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ២៣អង្គ ក្នុងមួយអង្គចំនួន ៤ម៉ឺនរៀល។

លោក ហាស់ វ៉ារី និងលោកស្រី ក៏បានជូនថវិកាដល់លោកអាចារ្យ សីលវន្ត សីលវត្តី ប្រជាការពារជាង ៧០នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល និងបានចែកថវិកាដល់ក្មេងៗចំនួន ៩០នាក់ ក្នុងម្នាក់ៗ ២ពាន់រៀល។ ជាមួយគ្នានោះលោក ក៏បានឧបត្ថម្ភដល់ក្រុមទូក «ឧត្តមមង្គលសកទេវរាជនិម្មិតសែនជ័យ »ចំនួន ១០០$ ផងដែរ។ បន្ថែមពីនេះលោកក៏បានប្រគល់ថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១០លានរៀល ជូនដល់លោក លឹម លីន ទុកសម្រាប់ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលមានសមាជិកទទួលមរណភាព នៅក្នុងឃុំរកាងកោងទី២​ ផងដែរ។

សូមបញ្ជាក់ដែរថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះ ប្រារព្ធឡើង ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ ក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ ដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឱ្យមាតាបិតា ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន ដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព។ ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេតនឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឱ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ៕