(ភ្នំពេញ)៖ ក្រុមចោរចំនួន៥នាក់ បានធ្វើសកម្មភាពចូលលួចឥវ៉ាន់នៅក្នុងរោងចក្រ ផលិតប្រអប់ភ្លើងមួយកន្លែង ដែលមានថៅកែជាជនជាតិចិន តែត្រូវម្ចាស់ដឹងខ្លួនទាន់ក៏ប្រតាយប្រតប់គ្នា បណ្ដាលឲ្យជនសង្ស័យម្នាក់រងរបួស រត់មិនរួច ក៏ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច​។ ប៉ុន្តែករណីនេះ ក្រុមចោរបានវាយជនរងគ្រោះ២នាក់ប្តី-ប្រពន្ធ រហូតរងរបួសធ្ងន់ទៀតផង។

ហេតុការណ៍នេះកើតឡើង នៅម៉ោង២៖២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៦ ​នៅ​ចំណុច​រោងចក្រ​ផលិត​ប្រអប់​ភ្លើង​មួយ​ ​ជាប់​របង​វត្ត​អង្គ​តា​មិ​ញ ស្ថិត​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បានឮ​សម្លេង​ឆ្កែ​ព្រូស​យ៉ាង​ខ្លាំង​ និង​ឮ​សម្លេង​ថ្ងូរ​ស្រែក​ឲ្យ​ជួយ​ផង ទើប​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចេញ​មក​មើល ឃើញ​មាន​បុរសម្នាក់​ខ្លួន​ប្រលាក់​សុទ្ធតែ​ឈាម​បែក​មុខ​បែក​មាត់ រង​របួសធ្ងន់ ដេក​នៅ​លើ​ស្មៅ​ជាប់​របង​រោងចក្រ​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ឃើញ​បែប​នេះ​ក៏​បាន​សួរនាំ​​ហើយបុរសនោះប្រាប់​ថា ពួក​គេ​មាន​គ្នា៥​នាក់​ចូល​លួច​ក្នុង​រោងចក្រ ដោយខ្លួន​ជា​អ្នក​នៅ​ចាំ​មើលផ្លូវ និង​ចាំ​ម៉ូតូ ចំណែក​បក្សពួក​៤​នាក់​ទៀត​ ​បាន​សម្រុកចូល​ទៅ​ក្នុង​រោងចក្រ​ លួច​យក​របស់របរ​មាន​តម្លៃ តែ​​ត្រូវ​ថៅកែ​ជនជាតិ​២​នាក់​ប្តី​ប្រពន្ធ​ដឹងខ្លួន បាន​ចេញ​មក​ប្រតាយប្រតប់​​គ្នា​ជាមួយ​ពួក​គេ​ ក៏​ត្រូវ​ពួក​គេ​វាយ​រង​របួសធ្ងន់​ទាំង​២​នាក់​ប្តី​ប្រពន្ធ ចំណែក​បុរស​ជនជាតិ​ចិន​ម្នាក់​ទៀត ​ដែល​ស្នាក់​នៅ​ក្នុង​រោងចក្រ​ដែរ​ ​ភ័យ​ពេក​បាន​រត់ឡើង​ទៅ​ពួន​លើដំបូល​រោងចក្រ​ មិន​មាន​រង​របួស​ទេ។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួន​ឈ្មោះ ចេក ច​ន្នី​ អាយុ​២៩​ឆ្នាំ មុខរប​រត់​ម៉ូតូឌុប ស្នាក់​ម្តុំ​លូ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ហើយកាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ​ពួក​គេ​បាន​មក​លួច​ម្តង​រួច​មក​ហើយ ​ជាមួយ​បក្សពួក​ដែល​ធ្វើ​សន្តិសុខ​នៅ​រោងចក្រ​ខាងលើ​នេះ ដោយ​លួច​បាន​ទូរស័ព្ទ​ដៃ និង​លេប​ថប​១​គ្រឿង។

ជនសង្ស័យបន្ដថា បន្ទាប់​ពី​លួច​បាន ថៅកែ​បាន​ដេញ​ជនសង្ស័យ​ជា​សន្តិសុខ​ចេញពី​រោងចក្រ​ឲ្យ​ឈប់​ធ្វើការ លុះដល់​យប់​កើតហេតុ ពួក​គេ​មាន​គ្នា​៦​នាក់​បាន​ផឹកស៊ី​ស្រវឹង​ និង​ទៅ​ជក់​ថ្នាំ​ញៀន​នៅ​បឹង​ឈូក​មុខ​ពេទ្យ​ព្រះ​កុសុមៈ រួច​ហើយ​បាន​បបួល​គ្នា​មក​ចូល​ក្នុង​រោងចក្រ​ដើម្បី​លួច​លុយ និង​សម្ភារ​ម្តងទៀត ទើប​ពួក​គេ​ជិះ​ម៉ូតូ​២​គ្រឿង​ ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​នៅ​ក្នុង​រោងចក្រ ស្រាប់តែ​២​នាក់​ប្តី​ប្រពន្ធ​ដឹងខ្លួន ធ្វើ​ឲ្យ​មានការ​ប្រតាយប្រតប់​គ្នា​រង​របួសធ្ងន់​២​នាក់​ប្តី​ប្រពន្ធ និង​រូបគេ​រត់​មិន​រួច​បាន​ធ្លាក់​ពីលើ​របង​បាក់ជើង​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​ជនសង្ស័យ​ត្រូវ​ដឹក​យក​ទៅ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដោយឡែក​របស់​មាន​តម្លៃ និង​លុយ​ត្រូវ​បាន​ជនសង្ស័យ​យក​ទៅ​អស់ហើយ។

អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បាននិងកំពុងបន្តតាមចាប់ខ្លួនបក្ខពួកទាំង៤នាក់ទៀត។