(ព្រះវិហារ)៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ» សម្រាប់មន្ត្រីអនុវត្តច្បាប់គ្រឿងញៀនមកពីខេត្តព្រះវិហារ, ខេត្តស្ទឹងត្រែង និងខេត្តឧត្តរមានជ័យ។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក វ៉ាត ប៉ារ៉ានីន អភិបាលរងព្រះវិហារ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តព្រះវិហារ។ វគ្គបណ្តុះបណ្តាលនេះ មានកិច្ចសហការគាំទ្រពីការិយាល័យ ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ONCB តាមរយ:គម្រោង LOA ឆ្នាំ២០២៣។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានគូសបញ្ជាក់ពីគោលបំណងនៃវគ្គបណ្តុះបណ្តាលរួមមាន៖
ទី១៖ ពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខនៃអង្គភាពពាក់ព័ន្ធក្នុងការស៊ើបអង្កេត ទប់ស្កាត់ និងបង្រ្កាបការចរាចរគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់អោយកាន់តែមានប្រសិទ្ធភាព
ទី២៖ បង្កើតកិច្ចសហប្រតិបត្តិកាល្អក្នុងចំណោមមន្ត្រីនៃអង្គភាព/ស្ថាប័នពាក់ព័ន្ធដើម្បីចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការអនុវត្តច្បាប់គ្រឿងប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់
ទី៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងតាមរយ:យន្តការការិយាល័យទំនាក់ទំនងព្រំដែន BLO
នាយឧត្តមសេនីយ៍ មាស វិរិទ្ធចង់ឱ្យមានសុខដុមនីយកម្មសហគមន៍ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងសហគមន៍ ត្រូវមានកិច្ចសហការគាំទ្រ ជួយគ្នាទៅវិញទៅមក លុបបំបាត់ការរើសអើង និងមាក់ងាយ ជួយសង្គ្រោះអ្នកញៀនគ្រឿងញៀន រួមគ្នាបង្ក្រាបបទល្មើសគ្រឿងញៀន និងលុបបំបាត់ភាពអសកម្មនានានៅក្នុងមូលដ្ឋាន។
ដើម្បីឈានទៅរកវិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព នាយឧត្តមសេនីយ៍ បានលើកឡើងពីទិសស្លោក «៣កុំ ១រាយការណ៍»៖
*កុំទី១ កុំពាក់ព័ន្ធ មានន័យថា កុំជួញដូរ ចែកចាយ កុំធ្វើជាខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន
*កុំទី២ កុំអន្តរាគមន៍ មានន័យថា កុំរារាំងការអនុវត្តច្បាប់ ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភ័ក្តក៏ដោយ
*កុំទី៣ កុំលើកលែង មានន័យកុំបន្ធូរបន្ថយ ការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន
«១ រាយការណ៍វិញ» គឺត្រូវរាយការណ៍ទៅសមត្ថកិច្ចអំពីកន្លែង លាក់ទុកគ្រឿងញៀន កន្លែងកែច្នៃផលិតគ្រឿងញៀន។ល។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកអាជ្ញាធរត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បង្កើនសកម្មភាពធ្វើវេទិកាសាធារណៈ និងខិតខំផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹងកាន់តែច្បាស់បន្ថែមទៀត ជុំវិញពីផលប៉ះពាល់នៃឥទ្ធិពលគ្រឿងញៀន។ បន្ថែមពីនេះ បន្តចូលរួមអប់រំ និងលើកទឹកចិត្តអ្នកញៀនគ្រឿងញៀនឱ្យបញ្ឈប់ការប្រើប្រាស់ និងជំរុញឱ្យពួកគេទៅព្យាបាល និងស្ដារនីតិសម្បទាឱ្យបានទាន់ពេលវេលា។
សមាសភាពមន្ត្រីអនុវត្តច្បាប់ជួរមុខដែលអញ្ជើញមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមាន៖ ការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន, ការិយាល័យប្រឆាំងគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែន BLO, តំបន់ប្រតិបត្តិការសឹករង, វរសេនាតូចនគរបាលការពារព្រំដែនគោក, ការិយាល័យគយប្រចាំច្រកទ្វារព្រំដែន, ការិយាល័យ នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិ, វរសេនាតូចការពារព្រំដែន (យោធា) និងអធិការដ្ឋាននគរបាលស្រុក-ក្រុងជាប់ព្រំដែន សរុបចំនួន៥០រូប។
នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បានសំណូមពរឱ្យសិក្ខាកាមទាំងអស់បន្តយកចំណេះដឹង និងបទពិសោធន៍ដែលទទួលពីវគ្គបណ្តុះបណ្តាលថ្ងៃនេះទៅផ្សព្វផ្សាយបន្តជូនសហការី និងប្រែក្លាយទៅជាសកម្មភាពជាក់ស្តែងសំដៅបង្កេីន និងពង្រឹងប្រសិទ្ធភាពការងារស្របតាមទិសដៅការងាររបស់ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវអាទិភាពគន្លឹះទាំង ៥ចំណុច៕