(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ឱវាទឱ្យមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវតែបុរេសកម្ម មានការរៀបចំផែនការយុទ្ធសាស្រ្តផ្ទាល់ខ្លួន នឹងកំណត់អាទិភាពការងារ ទើបទទួលបានជោគជ័យក្នុងការងារ នឹងឈានឆ្ពោះទៅជាអ្នកដឹកនាំដ៏មានគុណភាព និងប្រសិទ្ធភាពនាពេលអនាគត។

ការផ្តល់ឱវាទបែបនេះរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីរាជការក្រោមឱវាទនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហរិញ្ញវត្ថុ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ ការប្រកួតប្រជែងសមត្ថភាពនឹងត្រូវបានលើកតម្កើងឱ្យក្លាយទៅជាអ្នកដឹកនាំបន្តវេន នាពេលអនាគត។

លោករដ្ឋមន្រ្តី បាននិងកំពុងបង្កបរិយាកាសប្រកួតប្រជែងដោយស្មើភាព និងតម្លាភាពបំផុត ចំពោះមន្រ្តីរាជការទាំងអស់ ដូចនេះទាមទារឱ្យមានភាពបុរេសកម្ម និងមានចំណេះដឹង ចេះរៀបចំផែនការយុទ្ធសស្រ្តផ្ទាល់ខ្លួន និងបែងចែក ចាត់ចែងការងារអាទិភាព (ទាំងបច្ចេកទេស និងទាំងការងារបក្ស) ដើម្បីសម្រេចបានប្រសិទ្ធភាព និងប្រសិទ្ធផលការងាររបស់ក្រសួង។ ជាងនេះទៅទៀត អ្នកដែលមានស្នាដៃ លោករដ្ឋមន្រ្តី នឹងលើកទឹកចិត្តតាមទំហំការងារ។

បន្ថែមពីនេះលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានបើកឱកាស និងផ្តល់លក្ខខណ្ឌពិសេស លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់ ឱ្យផ្ទេរពីនាយកដ្ឋានមួយទៅនាយកដ្ឋានមួយទៀតដែលត្រូវនឹងជំនាញរបស់ខ្លួន ដើម្បីប្រសិទ្ធភាពការអនុវត្តការងារ តែឋិតនៅក្នុងក្របខណ្ឌក្រសួងបរិស្ថានប៉ុណ្ណោះ។

លើសពីនេះ លោករដ្ឋមន្រ្តី បានប្រកាសជូនជាសាធារណៈផងដែរថា ក្រសួងបានរៀបចំរួចហើយនូវយុទ្ធសាស្រ្តចក្រា ដែលឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបាននឹងកំពុងដាក់ឆ្លងជាមួយ​ ថ្នាក់ដឹកនាំ ឱ្យពិនិត្យ នឹងសម្រេច ដើម្បីអគ្គនាយកដ្ឋាននិមួយៗ យកទៅបំបែកជាយុទ្ធសាស្រ្តសកម្មភាពការងារ តាមផែន និងជំនាញរៀងខ្លួន ក្នុងន័យជំរុញការងារសុក្រឹតកម្មបរិស្ថានកិច្ចឱ្យសម្រេចបានជោគជ័យ ដើម្បីឱ្យនាវាបរិស្ថានឈានទៅមុខដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕