(ភ្នំពេញ)៖ សហព័ន្ធសហជីពអភិវឌ្ឍកម្មករ បានចេញញត្តិគាំទ្រយ៉ាងក្លៀវក្លា ចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៤ ដែលមានចំនួន ២០៤ដុល្លារអាម៉េរិក ក្នុង១ខែ ហើយបើបូកនឹងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងទៀត កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលប្រចាំខែរហូតដល់ ២៣២ដុល្លារអាមេរិក។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន សហព័ន្ធសហជីពអភិវឌ្ឍកម្មករ បានអះអាងថា សហព័ន្ធ បានតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការ នៃការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគី តាំងពីកិច្ចប្រជុំលើកទី១ រហូតមកដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សហព័ន្ធសហជីពអភិវឌ្ឍកម្មករ៖ «យើងខ្ញុំសង្កេតឃើញថា ការចរចានេះត្រូវបានធ្វើឡើងប្រកបដោយបច្ចេកទេស និងមានលក្ខណៈវិទ្យាសាស្រ្តដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ស្របតាមស្តង់ដារសកលដែលអង្គការអន្តរជាតិខាងការងារបានកំណត់»

ទន្ទឹមនឹងនេះសហព័ន្ធសហជីពអភិវឌ្ឍកម្មករ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតទាំងអស់គ្នានៅគ្រប់កាលៈទេសៈ ជាពិសេស សម្តេចធិបតីបានអនុញ្ញាតឱ្យមានការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ បើទោះបីជាប្រទេសទាំងអស់នៅលើពិភពលោក រួមទាំងកម្ពុជាផង កំពុងទទួលរងផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចសកល ដែលនាំឱ្យតម្រូវការសកលផ្នែកវាយនភណ្ឌមានការថយចុះក៏ដោយ។

លើសពីនេះ សហព័ន្ធសហជីពអភិវឌ្ឍកម្មករ បានគូសបញ្ជាក់ថា កម្មករបាន និង កំពុងទទួលនូវអត្ថប្រយោជន៍ផ្សេងៗ អំពីវិធានការអន្ដរាគមន៍របស់រាជរដ្ឋាភិបាល សំដៅកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិតតាមរយៈការគ្រប់គ្រងថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនីនៅតាមផ្ទះជួល រួមទាំងទទួលបានបន្ថែមជាបន្តបន្ទាប់នូវអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផងដែរ។

សហព័ន្ធសហជីពអភិវឌ្ឍកម្មករ បានប្រកាសប្តេជ្ញាចូលរួមអនុវត្តរាល់វិធានការអន្តរាគមន៍ផ្សេងៗ ដែលរាជរដ្ឋាភិបាល បាន និងកំពុងដាក់ចេញ ដើម្បីចូលរួមលើកកម្ពស់ជីវភាព និងបន្តរក្សា និងបង្កើតឱកាសការងារជូនកម្មករនិយោជិត ព្រមទាំងបន្ដជំរុញឱ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ។

យ៉ាងណាក៏ដោយ សហព័ន្ធសហជីពអភិវឌ្ឍកម្មករ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តចូលរួមថែរក្សាភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅរក្សាការងារ និងប្រាក់ចំណូលរបស់កម្មករនិយោជិតទាំងអស់៕