(ភ្នំពេញ)៖ កុមារី អាត ស្រីនុ ដែលមានជំងឺខ្សោយពោះវៀនពីកំណើតនោះ នៅពេលនេះពោះវៀនអាចដំណើរ​ការបានឡើងវិញស្ទើរតែ១០០ភាគរយហើយ បន្ទាប់ទទួលបានការវះកាត់ និងថែទាំជំងឺដោយការយកចិត្ត​ទុក​ដាក់ខ្ពស់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា។ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ កុមារី ស្រីនុ ក៏ត្រូវបាន​ក្រុម​គ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញផងដែរ។

កុមារី អាត ស្រីនុ អាយុ ៣ឆ្នាំ និង៨ខែ បានកើតជំងឺខ្សោយពោះវៀនធំ​បណ្តាលមកពីគ្មាន​សរសៃ​ប្រសាទ​​តាំងពីកំណើត។ កុមារីធ្លាប់បានសម្រាកពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញចំនួន៤ដង ចាប់ពីខែមករា ឆ្នាំ២០២១ ហេីយបានទទួលកាវះកាត់ចំនួន៣ដងរួចមកហើយ។ កុមារីរូប​នេះ ត្រូវ​បានចោះពោះវៀនធំ​ចំហ​មក​ក្រៅពោះ (Colostomy) កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០២២។ ចុងក្រោយត្រូវបានវះកាត់នៅមន្ទីរ​ពេទ្យ​ជ័យវរ្មន័ទី៧ ចំនួន១ដងនៅខែមករា ឆ្នាំ២០២២ ជាមួយរោគវិនិច្ឆ័យស្ទះពោះវៀន។

កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ត្រីជាម្តាយ ដែលមានមុខរបរជាកម្មកររោងចក្រ​សាប្រី​ណា (sabrina) បានបីកូនស្រីមានបញ្ហាពោះវៀននេះ ទៅចូលរួមក្នុងពិធីសំណេះសំណាល ធ្វើឡើងក្រោមសម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងបំណងស្វែង​រក​កិច្ចអន្តរាគមន៍ពីសម្តេចជួយ​ព្យាបាល​កូនស្រី​របស់ខ្លួន។

មិនខកបំណងនោះឡើយចំពោះការពុះពារមួយនេះ ពេលអញ្ជើញទៅដល់ទីតាំងកម្មវិធីភ្លាមសម្តេចមហាប​វរ​ធិប​តី ហ៊ុន ម៉ាណែត ក៏បានដើរសំដៅឆ្ពោះទៅកាន់កម្មការិនី ហៀង ចាន់ ដែលកំពុងបីកូនស្រីមានបញ្ហា​ពោះ​វៀន​នោះ។ បន្ទាប់មកសម្តេចធិបតី បានបញ្ជាលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិកា​រ​ក្រសួងសុខាភិបាល​នាំកុមារី និងម្តាយទៅមន្ទីរពេទ្យ​ភ្លាមៗ និងព្យាបាល​ដោយឥតគិតថ្លៃ​រហូត​ជាសះស្បើយ។ បន្ទាប់ពីទទួលបានការ​ណែ​នាំ​នោះលោកស្រី យក់ សម្បត្តិ ក៏បានចាត់ចែង​នាំយក​កុមារីទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

បន្ទាប់ពីការសម្រាកនៅមន្ទីរពេទ្យ និងទទួលការតាមដាន​សុខ​ភាព​អស់​រយៈ​ពេល៣ថ្ងៃ កាលពីព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធ​បុប្ផា ចាប់ផ្តើមវះកាត់បិទប្រហោងពោះវៀន និង​ដោះ​ពោះវៀនដែលប្រទាក់គ្នា ដើម្បីទាញភ្ជាប់​មក​រន្ធគូទវិញ។ ការវះកាត់មានការស្មុគស្មាញច្រើន និងប្រើរយៈ​ពេល​​វះ​កាត់​រហូតដល់ទៅ៤ម៉ោង ដោយវេជ្ជបណ្ឌិតដែល​មាន​ជំនាញ​ខ្ពស់ចំនួន៣នាក់។ ក្រោយពេលវះ​កាត់ កុមារី ស្រីនុ បានដឹងខ្លួន ហើយស្គាល់ឪពុកម្តាយ ប៉ុន្តែត្រូវតាមដានបន្តទៅលើដំណើរ​ការ​ពោះ​វៀនធំ ដែល​ខ្សោយ​នោះ តើមានដំណើរ ឬអត់ដំណើរការ នៅដំណាក់កាលបន្ទាប់ និងតាមដាននូវហានិភ័យក្រោយ​វះកាត់​បន្តទៀត។

លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃចន្ទទី២ ខែតុលា ឆ្នាំ២០២៣ ពោលរយៈពេល២២ថ្ងៃ ក្រោយការវះកាត់ បិទប្រហោងពោះវៀន និងដោះពោះវៀនដែលប្រទាក់គ្នា ដើម្បីទាញភ្ជាប់មករន្ធគូទវិញ និងថែទាំតាមដានស្ថានភាពជំងឺក្រោយ​វះកាត់​ដ៏ស្មុគ្រ​ស្មាញកន្លងមកនោះ នៅពេលនេះពោះវៀនធំ និងរន្ធបាតរបស់កុមារី ស្រីនុ មានដំណើរការបាន​ប្រហែល៧០ភាគរយហើយ។

លោកវេជ្ជបណ្ឌិត គី សន់ទី បានបញ្ជាក់ទៀតថា ពេលនេះកុមារី ស្រីនុ អាចញ៉ាំអាហារបានច្រើនជាងមុន និង បន្ទោរបង់បានប្រសើរជាងមុន ហើយនៅថ្ងៃនេះ មន្ទីរពេទ្យ បានអនុញ្ញាតឱ្យចេញទៅផ្ទះវិញផងដែរ។ បើទោះបី​ជា​យ៉ាងណាកុមារី ស្រីនុ ត្រូវវិលមកជួបពេទ្យវិញរាល់១ខែម្តង និងត្រូវធ្វើលំហាត់​ភ្ញោចចលនាពោះវៀន និងលំហាត់​ពង្រីករន្ធបាតបន្ត (réhabilitation avec la dilatation anale par bouginage)។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលជាអ្នកទទួលបទបញ្ជាពីសម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យសម្របសម្រួល និងតាមដានលើករណីនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុម​គ្រូ​ពេទ្យ​​មន្ទីរពេទ្យគន្ធ​បុប្ផា ដែលបានយកចិត្តទុកដាក់ព្យាបាលកុមារី អាត ស្រីនុ រហូតដល់ទទួលបានជោគជ័យ​ប្រកប​ដោយក្តីសោមនស្សរីករាយ។

បន្ទាប់ពីការព្យាបាលដោយជោគជ័យទាំងអាណាព្យាបាល និងកុមារី ស្រីនុ បានចាកចេញពីពេទ្យត្រឡប់​ទៅ​ផ្ទះវិញ ជាមួយទឹកមុខស្រស់ថ្លា និងស្នាមញញឹមប្រកបដោយក្តីរីករាយជាទីបំផុត។

ទឹកចិត្តឪពុកម្តាយគ្មានក្តីរីករាយណាមួយស្មើនឹងការជួយសង្គ្រោះជីវិតកូនខ្លួនឱ្យរួចផុតពីគ្រោះនៃរោគានោះឡើយ។ អ្នកស្រី ហៀង ចាន់ ដែលបានរស់នៅបៀបទុក្ខព្រោះឃើញកូនរស់នៅជាមួយជំងឺដ៏លំបាកយូរឆ្នាំមក​ហើយ​នោះ បានបង្ហាញក្តីរីករាយជាខ្លាំងគ្មានអ្វីប្រៀបផ្ទឹមបាននោះឡើយ។

អ្នកស្រី ហៀង ចាន់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ជូនសម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត ដែលបានអន្តរាគមន៍ផ្តល់ការព្យាបាលជូនកូនស្រីរបស់អ្នកស្រីរហូតទទួលបានជោគជ័យ។

អ្នកស្រី ក៏បានថ្លែងអំណរគុណលោកស្រី យក់ សម្បត្តិ ដែលបានសម្របសម្រួលប្រកបដោយការយក​ចិត្ត​ទុកដាក់ខ្ពស់ និងក្រុមក្រុម​គ្រូពេទ្យ ដែលបានប្រឹងប្រែងព្យាបាល និងថែទាំរហូត ស្រីនុ មានសុខភាពល្អប្រសើរ​ឡើងវិញ។