(ភ្នំពេញ)៖ «នៅផ្ទះកូនយើង នៅក្រៅផ្ទះកូនរបស់កម្ពុជា។ បើយើងជាអ្នកចេះដឹង តែម្នាក់ៗទៅនៅក្រៅស្រុកអស់ តើបានអ្នកណាកសាងប្រទេស»។ នេះជាការថ្លែងរបស់ ឧកញ៉ា ប៉ិច បុឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក នៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប។
ការថ្លែងរបស់ឧកញ៉ា ប៉ិច បូឡែន បន្ទាប់ពីលោកមើលឃើញថា កូនខ្មែរដែលជាបញ្ញាវ័ន្តជាច្រើន បានទៅរស់នៅប្រទេសគេ ដោយមិនមកជួយអភិវឌ្ឍន៍ប្រទេសជាតិខ្លួនឯង។ លោកឧកញ៉ា យល់ឃើញថា ទាល់តែប្រទេសជាតិពោរពេញទៅដោយអ្នកចេះដឹង ទើបអាចលើកតម្កើងកិត្យានុភាពជាតិ និងលើកស្ទួយទាំងសេដ្ឋកិច្ច និងនយោបាយ ប្រដំប្រសងនឹងប្រទេសក្នុងតំបន់បាន។
ឧកញ៉ា ប៉ិច បូឡែន ថ្លែងបែបនេះក្នុងពិធីប្រគល់រង្វាន់ និងមេដាយដល់សិស្សពូកែ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សថ្នាក់ទី៩ ថ្នាក់ទី១២ និងភាសាអង់គ្លេសសិស្សធំកម្រិត ១២ នៃសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍។
ចក្ខុវិស័យរបស់ឧកញ៉ា ប៉ិច ប៉ូឡែន គឺក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំឲ្យកាន់តែល្អ តាំងពីមត្តេយ្យ បឋម ដល់ឧត្តមសិក្សា លើការបណ្តុះបណ្តាល និងបច្ចេកទេសផ្សេងៗ។ ជាពិសេស ចង់ឃើញប្រជាជនកម្ពុជា មានទាំងចំណេះដឹង និងជំនាញ អត្តចរិត និងផ្នត់គំនិតស្នេហាជាតិ រួមចំណែកក្នុងការអភិវឌ្ឍប្រទេស និងសង្គមជាតិរបស់យើង លើកស្ទួយសេដ្ឋកិច្ច និងលើកស្ទួយមុខមាត់ ក៏ដូចជាកិត្តិយសជាតិ ឲ្យប្រដំប្រសងជាមួយប្រទេសដទៃនៅក្នុងតំបន់។
«(នៅពេលណាសម្បូរអ្នកមានចំណេះដឹង និងជំនាញ អត្តចរិត និងផ្នត់គំនិតស្នេហាជាតិ) នៅពេលហ្នឹងប្រទេសយើងនឹងមានឥស្សរភាព ភាពខ្ពង់ខ្ពស់ ទាំងសេដ្ឋកិច្ច និងនយោបាយ»។ នេះបើតាម ឧកញ៉ា ប៉ិច បូឡែន។
សូមជម្រាបថា ចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែកដើម្បីកសាងសង្គមកម្ពុជាឲ្យរីកចម្រើន ផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន៕