(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ​នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៤ របស់ក្រសួងការពារជាតិ។

កិច្ចប្រជុំបានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ តំណាងគ្រប់អង្គភាពចំណុះ, អគ្គបញ្ជាការដ្ឋាន, បញ្ជាការដ្ឋានកងទ័ពជើងគោក, បញ្ជាការដ្ឋានកងទ័ពជើងទឹក, បញ្ជាការដ្ឋានកងទ័ពជើងអាកាស និងអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។

នៅក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ នាង ផាត បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមចំណុះក្រសួងការពារជាតិ ដែលបានបំពេញភារកិច្ចរបស់ខ្លួន​បានយ៉ាងល្អប្រសើររយៈពេល៣ត្រីមាសកន្លងមក។ នាយឧត្តមសេនីយ៍ ក៏បានជំរុញបន្ថែមទៀតដល់បណ្តាអង្គភាពទាំងអស់យកចិត្តទុកដាក់អនុវត្តតាមតួនាទីភារកិច្ចដើម្បីស​ម្រេចបានលទ្ធផលតាមផែនការដែលបានដាក់ចេញ ហើយជាពិសេសត្រូវត្រៀមលក្ខណៈក្នុងការជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលរងគ្រោះដោយទឹកជំនន់ នារដូវវស្សានេះ។

សម្រាប់ទិសដៅបន្ត នាត្រីមាសទី៤ ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានជំរុញការយកចិត្តទុកដាក់ អនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងនោះក៏មានបន្តរក្សានិរន្តរភាពនៃការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទផងដែរ។

បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៣នេះ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចចំពោះមុខដោយសម្រេចបានសមិទ្ធផលជាច្រើន ដោយរក្សាបាននូវសុខសន្តិភាព អធិបតេយ្យ បូរណភាពទឹកដី ជាពិសេសសន្តិសុខ នៅតាមបណ្តោយព្រំដែន។ កងយោធពលខេមរភូមិន្ទ ក៏បានចូលរួម និងសហការធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទផងដែរ ជាក់ស្ដែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើត ឡើងចំនួន ២ ៤៣៣លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន១.៥៧៦លើក។

លោកបានបន្ថែមថា អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការធ្វើ សមយុទ្ធនាគមាស២០២៣, សមយុទ្ធផ្នែកសុខាភិបាលទេវតាសន្តិភាពឆ្នាំ២០២៣ និងលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌ក្នុងក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្រោមប្រធានបទ «មាតុភូមិដ៏បវរឆ្នាំ២០២៣» ដែលបានបញ្ចប់ប្រកបដោយជោគជ័យ តាមការគ្រោងទុក ជាមួយនឹងការទទួលបាននូវលទ្ធផលល្អ និងបទពិសោធន៍ថ្មីៗសម្រាប់អនុវត្តន៍នៅពេលអនាគតផងដែរ៕