(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំលើកទី១១ នីតិកាលទី៤ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១០ និងលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ ។

ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភាបីខែ (៣០/០៦/២០២៣ -៣០/០៩/២០២៣) នេះថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ហើយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។

សកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋានរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា ដើម្បីជួយសម្រួលប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានា ព្រមទាំងការចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ។

គណៈកម្មការទាំង១០ និងក្រុមនានារបស់ព្រឹទ្ធសភា ដែលជាសេនាធិការរបស់ព្រឹទ្ធសភា បានចុះជួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារតាមវិស័យ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតួអង្គសំខាន់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
តាមរយៈដំណើរបេសកកម្មទៅកាន់មូលដ្ឋាន ព្រឹទ្ធសភាសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលខិតខំសម្រេចបានក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសេដ្ឋកិច្ចជាតិបន្តមានកំណើនវិជ្ជមាន ដើម្បីពង្រឹងពង្រីកគោលនយោបាយគាំពារសង្គម ដោយធានាបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងមន្រ្តីរាជការទូទាំងប្រទេស។ ជារួមរាជរដ្ឋាភិបាលបានបន្តជំរុញអនុវត្តន៍ដោយសកម្មនូវរាល់កំណែទម្រង់រដ្ឋស៊ីជម្រៅរបស់ខ្លួនលើគ្រប់វិស័យដោយប្រកាន់យកអភិបាលកិច្ចល្អជាស្នូល។ ដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ និងកំពុងបន្តទៅមុខដោយរលូនតាមគន្លងនីតិរដ្ឋ ដោយឆ្លុះបញ្ចាំងតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។

ស្របតាមជំហានទៅមុខដ៏ស្វាហាប់ និងភាពទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ព្រឹទ្ធសភាសូមគាំទ្រ និងលើកទឹកចិត្តរាជរដ្ឋាភិបាលក្នុងការបង្កើនសកម្មភាពដោះស្រាយបញ្ហាដែលនៅសេសសល់ ដើម្បីពន្លឿនសន្ទុះរីកចម្រើនសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។

ឆ្លៀតក្នុងឱកាសនេះ ព្រឹទ្ធសភាសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋានដៃគូនានា និងគ្រប់ស្ថាប័នជាតិ ដែលញុំាងឱ្យព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន៕