(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងបញ្ហាគ្រោះទឹកជំនន់ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ផលដំណាំផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដែលតម្រូវឱ្យមានវិធានការឆ្លើយតបឱ្យបានហ្មត់ចត់ និងទាន់ពេលវេលា ដើម្បីទប់ទល់ និងគ្រប់គ្រងហានិភ័យផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំចំនួន ៩ចំណុច សំដៅធ្វើយហ៉ាងណាចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការណែនាំដល់ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួង អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស អគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត ព្រមទាំងអង្គភាពពាក់ព័ន្ធ ត្រូវរៀបចំមធ្យោបាយ សម្ភារ និងធនធានមនុស្សឱ្យបានសមស្រប ដើម្បីត្រៀមបង្ការឆ្លើយតបទៅនឹង គ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងត្រូវចូលរួមអនុវត្តយន្តការដូចខាងក្រោម៖

១៖ ត្រូវចូលរួមផ្សព្វផ្សាយសភាពការណ៍គ្រោះមហន្តរាយនានា និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយពីខ្សែបណ្ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

២៖ ត្រូវចូលរួមសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថា្នក់ ដើម្បីធ្វើប្រតិបត្តិការឆ្លើយតបនឹងគ្រោះមហន្តរាយ និងស្តារឡើងវិញ។

៣៖ ត្រូវចាត់កម្លាំងជាបន្ទាន់ចុះជួសជុល និងតភ្ជាប់ផ្លូវថ្នល់-ស្ពាន ក្នុងករណីមានការកាត់ផ្តាច់ ផ្លូវថ្នល់-ស្ពាន (ការកាត់ផ្តាច់ចរាចរណ៍) ដើម្បីធានាឱ្យមាននិរន្តរភាពចរាចរណ៍ និងលើកសំណើសុំគោលការណ៍ធានាចំណាយមកក្រសួងឱ្យបានទាន់ពេលវេលា។

៤៖ ត្រូវចាត់កម្លាំងដំឡើងផ្លាកសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាសុវត្ថិភាព នៅតាមទីតាំងដែលកំពុង និងងាយរងគ្រោះដោយទឹកជំនន់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ ដល់ អ្នកប្រើប្រាស់ផ្លូវថ្នល់ និងអ្នកដំណើរ។

៥៖ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីទប់ទល់គ្រោះទឹកជំនន់ ទប់ស្កាត់មធ្យោបាយដឹកជញ្ជូនធុនធ្ងន់ដែលឆ្លងកាត់ទីតាំងកំពុងរងគ្រោះដោយទឹកជំនន់ និងផ្សព្វផ្សាយផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ។

៦៖ ត្រូវសហការប្រើប្រាស់មធ្យោបាយ និងសម្ភារបរិក្ខាររបស់អង្គភាពសាមី ដើម្បីត្រៀមចូលរួម ធ្វើអន្តរាគមន៍រុករក និងសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។

៧៖ ត្រូវរៀបចំស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ស្ថិតក្រោមសមត្ថកិច្ចក្រសួង សាធារណការ និងដឹកជញ្ជូន ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និង ជំនន់ទឹកទន្លេមេគង្គ។

៨៖ ត្រូវចូលរួមកៀរគររកជំនួយផ្នែកមធ្យោបាយ សម្ភារបរិក្ខារ ធនធានមនុស្ស និងហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍នានា អង្គការជាតិនិងអន្តរជាតិ ដែលមានកិច្ចសហការជាមួយក្រសួង សាធារណការ និងដឹកជញ្ជូន។

៩៖ ត្រូវធ្វើរបាយការណ៍ និងរាយការណ៍អំពីសភាពការណ៍ជាប្រចាំមកក្រសួង ដើម្បីចាត់ វិធានការបន្ទាន់៕