(បាត់ដំបង)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ បានចុះប្រគល់កៅស៊ូត្រជាក់ Cold Mix ចំនួន ២៥០បាវ (ស្មើនឹង៥តោន) ដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ដើម្បីត្រៀមក្នុងការជួសជុលថែទាំផ្លូវដែលរងការខូចខាតឱ្យទឹកជំនន់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ពិធីប្រគល់ជូននេះមានការចូលរួមពីលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស និងកងកម្លាំងសមត្ថកិច្ចជាច្រើនរូបផងដែរ។
នាឱកាសនោះលោក ប៉េង ពោធិ៍នា ក៏បានថ្លែងអំណរគុណដល់លោកអភិបាលនៃគណៈអភិបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ដែលបានជួយខ្នះខ្នែងចុះពិនិត្យស្ថានភាពទឹកជំនន់ និងបានចាត់វិធានការបានទាន់ពេលវេលា។
លោក ប៉េង ពោធិ៍នា ក៏បានផ្តល់នូវអនុសាសន៍ណែនាំដល់មន្ទីរ ឱ្យប្រើប្រាស់កៅស៊ូត្រជាក់ Cold Mix ដែលទទួលបានក្នុងការជួសជុលថែទាំផ្លូវឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ៕