Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តកំពង់ចាម នឹងមានពិធីប្រណាំងទូក តាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំជ្រួច រយៈពេល ២ថ្ងៃ ឱកាសបុណ្យចេញព្រះវស្សា

02-10-2023 10:40

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំពិធីប្រណាំងទូក តាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំជ្រួច រយៈពេល ២ថ្ងៃ ក្នុងក្រុងកំពង់ចាម នាឱកាសបុណ្យចេញព្រះវស្សា ព.ស ២៥៦៧។

នាយករដ្ឋបាលសាលាខេត្តកំពង់ចាម លោក ឃន ប្រុស បានឱ្យដឹងថា ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព ក្នុងថ្ងៃបុណ្យចេញព្រះវស្សា ព.ស. ២៥៦៧ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក បណ្ដែតប្រទីប អុចកាំជ្រួច នៅក្រុងកំពង់ចាម រយៈពេល ២ថ្ងៃ នៅថ្ងៃទី២៨ - ២៩ ខែតុលា ឆ្នាំ២០២៣ និងតាំងពិព័រណ៍សមិទ្ធផលរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងមានការប្រគុំតន្ត្រីខ្នាតធំ រយៈពេល ៣ថ្ងៃ ផងដែរ។

លោកនាយករដ្ឋបាល បានបន្តថា ក្នុងពិធីប្រណាំងទូក បណ្ដែតប្រទីប អុចកាំជ្រួចនោះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានធ្វើការណែនាំ ដល់រដ្ឋបាលក្រុង-ស្រុក
ឃុំ-សង្កាត់ ឲ្យរៀបចំគណៈកម្មការដឹកនាំទូក ក្រុង-ស្រុក ដើម្បីចូលរួមក្នុងពិធីប្រណាំងទូក«ង» ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាមផងដែរ ។

ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏អំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកអភិបាលនៃគណ: អភិបាលក្រុង-ស្រុក លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករនានា និងលោក-លោកស្រី សូមមេត្តាជួយឧបត្ថម្ភគ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗ ដល់គណៈរៀបចំពិធី ដើម្បីមានលទ្ធភាពក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអុំទូក និងចាត់ចែងរៀបចំពិធីប្រណាំទូក «ង» ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ឱ្យទទួលលទ្ធផលល្អប្រសើរ៕