(ជប៉ុន)៖ សមាគមរាជសីហ៍សាខាប្រទេសជប៉ុនបានរៀបចំកម្មវិធីអបអរសាទរ ពិធីបុណ្យភ្ជំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងបាននិមន្តព្រះសង្ឃចំនួន១អង្គ ដើម្បីអោយបងប្អូនខ្មែរបានធ្វើបុណ្យដាក់បាត្រ និងប្រគេនចង្ហាន់ជូនព្រះសង្ឃតាមបែបព្រះពុទ្ធសាសនា មានពលរដ្ឋខ្មែរដែលចូលរួមប្រមាណជាង១៥០០នាក់។
ដោយទទួលបានការណែនាំពីលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ លោកអុឹម ឌឺប៉េរ៉េ ប្រធានសមាគមរាជសីហ៍សាខាប្រទេសជប៉ុន បានចាត់តាំងលោក ហែម សុីថៃ ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខាប្រទេសជប៉ុន និងលោក យន សុភ័ក (កូនចិន) អនុប្រធានសមាគមរាជសីហ៍សាខាប្រទេសជប៉ុន អមដំណើរដោយលោក ខុត ជីវ័ន ប្រធានអនុសាខាសមាគមរាជសីហ៍ប្រចាំក្រុងណាហ្គោយ៉ា លោកហុង ម៉េងឃាង ប្រធានគណ:កម្មាធិការទទួលផ្នែកសិល្បៈប្រចាំទីក្រុងណាហ្គោយ៉ា ចូលរួមបើកកម្មវិធីអបអរសាទរ ពិធីបុណ្យភ្ជំបិណ្ឌ ប្រពៃណីជាតិខ្មែរ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនឹងធ្វើការងារនៅក្នុងតំបន់ទីក្រុងណាហ្គោយ៉ា ខេត្តហ្គិហ្វឹ ខេត្តអៃឈិ ប្រទេសជប៉ុនប្រកបដោយស្នាមញញឹមដ៌រីករាយក្រៃលែង។
បន្ទាប់ពីបំពេញការងារ និងឃ្លាតចាកឆ្ងាយពីមាតុភូមិកំណើត ដើម្បីស្វែងរកចំណេះចំនាញ និងប្រកបកិច្ចការងារដើម្បីលើកស្ទួយជីវភាពគ្រួសារ បងប្អូនខ្មែរដែលរស់នៅប្រទេសជប៉ុន ពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំសមាគមរាជសីហ៍ ដែលបានចាត់សមគមរាជសីហ៍សាខាប្រទេសជប៉ុន រៀបចំកម្មវិធីនេះឡើង ដែលតែងតែគិតគូរពីសុខទុក្ខ និងការនឹករលឹកស្រុកកំណើតរបស់បងប្អូន ហើយតែងតែបង្កើតកម្មវិធីផ្សេងៗ ដើម្បីអោយមានការជួបជុំរំលឹកនូវទំនៀមទម្លាប់ ប្រពៃណីរបស់ជនជាតិខ្មែរយើង ។
ឆ្លៀតក្នុងឱកាសបើក និងបិទកម្មវិធីអបអរសារទរបុណ្យភ្ជុំបិណ្ឌ លោកហែម សុីថៃ ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខាប្រទេសជប៉ុន និងលោកយន សុភ័ក (កូនចិន) ក៏បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខ និងចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌដល់បងប្អូនទាំងអស់ ពីសំណាក់ ឯកឧត្តមស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ក្រោមពាក្យស្លោក មានសន្តិភាព មានការអភិវឌ្ឍន៍ ទើបបងប្អូនមានឱកាសបានចូលរួមយ៉ាងសប្បាយរីករាយយ៉ាងច្រើនកុះករដូចថ្ងៃនេះ៕