(កំពត)៖ ក្រោយពីទទួលបានការគាំទ្រ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស អំពីការបើកវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នាពេលកន្លងមក ក្រុមនិស្សិតនៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន ៣០នាក់ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ចូលជួបសំដែងការគួរសម ព្រមទាំងសំណេះសំណាលឈ្វេងយល់អំពីការដឹកនាំ ការអភិវឌ្ឍការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋក្នុងខេត្ត ពិសេសឈ្វេងយល់ និងធ្វើបទពិសោធន៍ អំពីគន្លឹះសំខាន់ៗនៃយន្តការក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់លោកអភិបាលខេត្តកំពត ដើម្បីទុកអនុវត្តន៍ក្រោពេលបញ្ចប់ការសិក្សា។

ថ្លែងទៅកាន់ក្រុមនិស្សិតនាឱកាសនោះ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៦ កន្លងមក ក៏ដូចជាអាណត្តិទី៧ថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដើម្បីអនុវត្តន៍ធ្វើឱ្យខេត្តកំពតទាំងមូលបានពង្រឹង និងពង្រីកការអនុវត្តន៍ការងារ ពិសេសបង្ខិតសេវាសាធារណឱ្យជិតប្រជាពលរដ្ឋបំផុត។ បច្ចុប្បន្ន ការផ្តល់សេវាសាធារណតាមរយៈការិយាល័យច្រកចេញចូលតែមួយ ខេត្តកំពត មានការិយាល័យច្រកនៅតាមបណ្តាឃុំ-សង្កាត់ទាំង៩៣ នៃ៩ក្រុង-ស្រុក ព្រមទាំងការិយា័យច្រកចេញចូលតែមួយក្នុងសាលាខេត្តមួយកន្លែងទៀត។

លោកអភិបាលខេត្ត បានលើកឡើងថា ចំពោះយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ យន្តការនេះគឺរាជរដ្ឋាភិបាលបានដាក់ចុះ និងចង្អុលបង្ហាញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ពិសេសអាជ្ញាធរទាំង ២៥រាជធានី-ខេត្ត យកទៅអនុវត្តន៍ ដើម្បីជួយសម្របសម្រួលរាល់វិវាទរបស់ពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដោយឡែកសម្រាប់ខេត្តកំពតក្នុងរយៈពេលជិត ២ឆ្នាំមកនេះ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្រេចបានចំនួន ២,២២៦សំណុំរឿង ហើយរាល់ការសម្របសម្រួលទាំងអស់ គឺគ្រប់ភាគីបានទទួលយកដោយក្តីសប្បាយរីករាយ។

ពាក់ព័ន្ធនឹងគន្លឹះក៏ដូចជាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងខេត្តកំពត លោកអភិបាលខេត្ត បានបង្ហាញឱ្យដឹងថា រាល់ការដោះស្រាយវិវាទទាំងអស់ គឺឈរលើយន្តការចំនួនពីរ គឺយន្តការច្បាប់ និងយន្តការគ្រួសារ។ លោកបានបញ្ចូលខ្លួនជាសមាជិកគ្រួសារមួយរូបទៅក្នុងក្រុមគ្រួសាររបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត ហើយរាល់ការដោះស្រាយវិវាទ គឺលោក ឈរលើគោលការណ៍អ្នកខុស គឺខុស អ្នកត្រូវគឺត្រូវ អ្នកយករបស់គេឱ្យគេវិញ ពិសេសរាល់ការសម្រេចក្តីម្តងៗ គឺលោកតែងតែយកចាស់ព្រឹទ្ធាចារ្យ មេភូមិ មេឃុំ ឬអាជ្ញាធរដែនដី ដែលជាចាស់ទុំក្នុងមូលដ្ឋានយកមកបកស្រាយបំភ្លឺ ដើម្បីឱ្យបានដឹងអំពីសាវតានៃសំណុំរឿងនីមួយៗ ហើយការសម្រេចនោះ ក៏មានការចូលរួមសម្រេចពីប្រជាពលរដ្ឋទាំងអស់ ដែលចូលរួមក្នុងវេទិការដោះស្រាយនេះផងដែរ។

ចំពោះតំណាងនិស្សិតនៃសកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើកឡើងថា ការសម្រេចចុះមកធ្វើកម្មសិក្សា ក៏ដូចជាសំណេះសំណាលនាឱកាសនេះ គឺដោយសារតែក្រុមនិស្សិតទាំងអស់ បានសង្កេតឃើញពីការដឹកនាំដ៏ល្អរបស់លោកអភិបាលខេត្តកំពត ដែលបានធ្វើឱ្យខេត្តមួយនេះមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសការសម្របសម្រួល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់លោកអភិបាលខេត្ត។ ក្រុមនិស្សិតក៏បានថ្លែងអំណរគុណចំពោះលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានចំណាយពេលវេលាក្នុងការផ្តល់នូវគតិ ព្រមទាំងគន្លឹះសំខាន់ៗក្នុងការអនុវត្តការងារ ក៏ដូចជាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហើយនេះគឺជាមេរៀនមួយយ៉ាងល្អសម្រាប់ក្រុមនិស្សិតទាំងអស់យកទៅអនុវត្តន៍ នៅក្រោយពេលបញ្ចប់ការសិក្សា៕