(ភ្នំពេញ)៖ ក្នុងឱកាសប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទ ដែលគោរពប្រតិបត្តិទំនៀមទម្លាប់ ប្រកាន់ខ្ជាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាល នៃពិធីបុណ្យនីមួយៗជារៀងរាល់ឆ្នាំនោះ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងក្រុមគ្រួសារញាតិសណ្តានទាំងអស់ រួមជាមួយថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានី-ខេត្ត និងនាយ នាយរងនគរបាលជាតិ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តកំសាន្ត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ ស ថេត ព្រមទាំងក្រុមគ្រួសារញាតិសណ្តានទាំងអស់ រួមជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានី-ខេត្ត និងនាយ នាយរងនគរបាលជាតិ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានរៀបចំថ្វាយផ្កាភ្ញីចំពោះព្រះរតនត្រ័យ និងនមស្សការ សមាទានសីល រាប់បាត្រ ប្រគេនបច្ច័យព្រះសង្ឃ ឧទ្ទិសកុសលជូន ដល់បុព្វការីជន ញាតិកាទាំង ៧សណ្តាន និងនាយ នាយរង ពលនគរបាល ដែលបានពលី ជាកិច្ចបង្ហើយពិធីបុណ្យកាន់បិណ្ឌវេនទី២។

នាយឧត្តមសេនីយ៍ ស ថេត បាននាំយកនូវទេយ្យទានទៅប្រគេនព្រះសង្ឃ រួមមាន៖ អង្ករ៣០០គីឡូក្រាម, ទឹកក្រូច ២០កេស, ទឹកបរិសុទ្ធ ២០កេស, មី ២កេសធំ, ត្រីខកំប៉ុង ២កេសធំ, បច្ច័យសម្រាប់កសាងវត្ត ២០លានរៀល, ប្រគេនសម្តេចព្រះអធិការវត្ត បច្ច័យ៤០ម៉ឺនរៀល និងសាដក ១, ប្រគេនព្រះគ្រូសូត្រស្តាំ បច្ច័យ២០ម៉ឺនរៀល និងសាដក១, ប្រគេនព្រះគ្រូសូត្រឆ្វេង បច្ច័យ២០ម៉ឺនរៀល និងសាដក១, ប្រគេនព្រះសង្ឃ ៤១អង្គ ក្នុង១អង្គបច្ច័យ ៥ម៉ឺនរៀល, ជូនតាជី យាយជី៥០នាក់ ម្នាក់បច្ច័យ២ម៉ឺនរៀល។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធធ្វើរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១ រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលពិធីបុណ្យនេះគេចាត់ទុកថា ជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជនដែលបានចែកឋានទៅហើយឲ្យបានទទួលព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយផងដែរ៕