(ភ្នំពេញ)៖ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា(CAMFEBA) បានសម្តែងនូវការគាំទ្រចំពោះសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការតម្លើងប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ ដុល្លាសហរដ្ឋអាមេរិក ជូនបងប្អូនកម្មករនិយោជិត ដែលត្រូវបានកំណត់តាមរយៈការបោះឆ្នោត និងទទួលបានសំឡេងគាំទ្រភាគច្រើនលើសលប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (លើតួលេខ ២០២ដុល្លាសហរដ្ឋអាមេរិក) ព្រមជាមួយនឹងការសម្រេចបន្ថែមពី សម្ដេចមហាបថរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា (ចំនួន ២ដុល្លាសហរដ្ឋអាមេរិក) ដែលបានសបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលលើជីវភាពរបស់បងប្អូនកម្មករនិយោជិត។

តាមរយៈសេចក្តីថ្លែងការណ៍ CAMFEBA បានបញ្ជាក់បន្ថែមថា ក្រៅពីប្រាក់ឈ្នួលអប្បបរមា បងប្អូនកម្មករនិយោជិតក៏ត្រូវទទួលបាននូវប្រាក់អត្ថប្រយោជន៍ ក៏ដូចជាប្រាក់ រង្វាន់ផ្សេងៗទៀតមានជាអាទិ៍ ប្រាក់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់រង្វាន់អតីតភាព ការងារ និងប្រាក់ថែមម៉ោងជាដើម ដែលបងប្អូនកម្មករនិយោជិតម្នាក់ៗអាចទទួលបានជាមធ្យមចន្លោះពី ៣០ ទៅ ៤០ ដុល្លាសហរដ្ឋអាមេរិក បន្ថែមពីលើប្រាក់ឈ្នួលរបស់ខ្លួន ព្រមជាមួយនឹងការទទួលរ៉ាប់រងបង់ភាគទានជំនួសទាំងស្រុងលើ របបថែទាំសុខភាព និងគ្រោះថ្នាក់ការងារ និងរួមចំណែកបង់ភាគទានចំនួនពាក់កណ្តាលជូនបងប្អូនកម្មករនិយោជិតលើ របបប្រាក់សោធនដោយភាគីនិយោជកផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានអនុវត្តនូវយន្តការត្រួតពិនិត្យកែសម្រួលប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិតយ៉ាងទៀងទាត់ និងរៀងរាល់ឆ្នាំ ហើយយើងក៏ជាប្រទេសតែមួយគត់ដែលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុង ការអនុវត្តពាណិជ្ជកម្មអន្តរជាតិផ្សាភ្ជាប់ជាមួយនឹងការធានានូវលក្ខខណ្ឌការងារ ស្របតាមច្បាប់ស្តីពីការងារ និងបទដ្ឋាន ការងារស្នូលជាអន្តរជាតិដោយផ្តល់លទ្ធភាពឲ្យគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC) ចូលរួមវាយតម្លៃ និង លើកកម្ពស់លក្ខខណ្ឌការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ ជម្រុញកំណើនការនាំចេញ និងបង្កើតការងារជូនប្រជាជន កម្ពុជា។ ជាមួយនឹងវឌ្ឍនភាពដោយគួរឲ្យមោទនៈទាំងនេះ រាជរដ្ឋាភិបាល និងនិយោជកក៏បន្តស្វែងរកលទ្ធភាពក្នុងការ លើកកម្ពស់សមត្ថភាពការងារជូនបងប្អូនកម្មករនិយោជិតផងដែរ។ ជាក់ស្ដែង មូនិធិអភិវឌ្ឍន៍ជំនាញ(SDF) ត្រូវបាន បង្កើតឡើងដើម្បីជួយជ្រោមជ្រែងវិស័យឯកជនវិនិយោគលើការអភិវឌ្ឍជំនាញជូនបងប្អូនកម្មករនិយោជិត ហើយនៅក្នុង ដំណាក់កាលទីមួយនេះ SDF បានត្រៀមកញ្ចប់ថវិការប្រមាណជាង ១.១២ លានដុល្លាសហរដ្ឋអាមេរិក ដើម្បីជួយ ជ្រោមជ្រែងវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរក្នុងការជម្រុញបង្កើនជំនាញបងប្អូនកម្មករ និយោជិតក្នុងវិស័យរបស់ខ្លួន។

CAMFEBA បានអំពាវនាវឱ្យបងប្អូនកម្មករនិយោជិតមេត្តាខិតខំប្រឹងប្រែងក្នុងការចូលរួមរៀនសូត្រដើម្បី លើកកម្ពស់សមត្ថភាពជំនាញ និងផលិតភាពការងាររបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ហើយយើងក៏សង្ឃឹមយ៉ាងមុតមាំផង ដែរថា ការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នានឹងជួយលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិឲ្យ កាន់តែមានភាពខ្លាំងខ្លាថែមទៀត៕