(ភ្នំពេញ)៖ សហភាពសិទ្ធិកម្មករកម្ពុជា តំណាងឱ្យកម្មករ កម្មការិនី ដែលជាសមាជិក ជាង៩ម៉ឺននាក់ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិត ផ្នែក វាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៤ ដែលមានចំនួន២០៤ដុល្លារ ក្នុង១ខែ និងអត្ថប្រយោជន៍ផ្សេងៗ ដែលកម្មករនិយោជិតម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលប្រចាំខែរហូត ដល់ ២៣២ដុល្លារ។
តាមរយៈញាតិគាំទ្រសហភាពសិទ្ធិកម្មករកម្ពុជា បានគូសបបញ្ជាក់ថា៖ «យើងខ្ញុំជាថ្នាក់ដឹកនាំ សហភាពសិទ្ធិកម្មករកម្ពុជា តំណាងឱ្យកម្មករនិយោជិតដែលជាសមាជិកចំនួន ៩១,៨៦២នាក់ សូមធ្វើការគាំទ្រយ៉ាងពេញទំហឹង ចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិត ផ្នែក វាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៤ ដែលមានចំនួន២០៤ ដុល្លារអាមេរិក ក្នុង១ខែ និងអត្ថប្រយោជន៍ផ្សេងៗ ដែលកម្មករនិយោជិតម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលប្រចាំខែរហូត ដល់២៣២ដុល្លារអាមេរិក»។
សហភាពសិទ្ធិកម្មករកម្ពុជា បានបន្ថែមថា អ្វីដែលជាការកត់សម្គាល់ គឺសង្កេតឃើញថា ការចរចានេះត្រូវបានធ្វើឡើងប្រកបដោយបច្ចេកទេស និងមានលក្ខណៈវិទ្យាសាស្ត្រដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ស្របតាមស្តង់ដា ជាសកលដែលអង្គ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ការអន្តរជាតិខាងការងារបានកំណត់។
ទន្ទឹមនឹងនេះដែរ សហភាពសិទ្ធិកម្មករកម្ពុជា សូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាព បងប្អូនកម្មករនិយោជិតទាំងអស់គ្នានៅគ្រប់កាលៈទេសៈ ជាពិសេស សម្ដេចធិបតី បានអនុញ្ញាតឱ្យមានការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ បើទោះបីជាប្រទេសទាំងអស់នៅលើ ពិភពលោក រួមទាំងកម្ពុជាផង កំពុងទទួលរងំផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចសកល ដែលនាំឱ្យតម្រូវការសកលផ្នែកវាយនភណ្ឌមានការថយចុះក៏ដោយ។
សហភាពសិទ្ធិកម្មករកម្ពុជា បានគូសបញ្ជាក់ថា៖ «លើសពីនេះ យើងទាំងអស់គ្នាក៏បាននិងកំពុងទទួលនូវអត្ថប្រយោជន៍ផ្សេងៗ អំពីវិធាន ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល សំដៅកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិតតាមរយៈការគ្រប់គ្រងថ្លៃឈ្នួល ផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនីនៅតាមផ្ទះជួល រួមទាំងទទួលបានបន្ថែមជាបន្តបន្ទាប់នូវអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផងដែរ»។
សូមគាំទ្រយ៉ាងពេញទំហឹងចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមារហូតដល់ ២០៤ដុល្លារ ក្នុង១ ខែ សម្រាប់ឆ្នាំ២០២៤ខាងមុខ និងសូមប្ដេជ្ញាចូលរួមអនុវត្តរាល់វិធានការអន្តរាគមន៍ផ្សេងៗដែលរាជរដ្ឋាភិបាលបាននិង កំពុងដាក់ចេញ ដើម្បីចូលរួមលើកកម្ពស់ជីវភាព និងបន្តរក្សា និងបង្កើតឱកាសការងារជូនបងប្អូនកម្មករនិយោជិត ព្រមទាំងបន្តជំរុញឱ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ ព្រមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តចូលរួមថែរក្សាភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅរក្សាការងារ និងប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិតទាំងអស់៕