(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា បើ​និយាយ​អំពីពិធីបុណ្យភ្ជុំបិណ្ឌ -កាន់បិណ្ឌ ចាប់ពី​ថ្ងៃទី១រោច ខែភទ្របទ រហូតដល់​នៅ​ថ្ងៃទី១៥រោច ខែខែភទ្របទ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏វែងជាងគេ ក្នុងចំណោម ពិធីបុណ្យទាំងឡាយរបស់ប្រទេសកម្ពុជា ហើយដែលយើងតែងឮសត្វចាបដូនតាយំយ៉ាងរណ្ដំុដ៏គ្រលួច នៅលើទីទួលគុម្ពោតព្រៃតាមភូមិ វត្ដអារាមនានា ទូទាំងប្រទេសកម្ពុជាដ៏គួរឲ្យស្រណោះនេះ គឺជាការបញ្ជាក់ប្រាប់ដាស់តឿន​ដល់​កុលបុត្រកូនចៅប្រុស-ស្រីឲ្យដឹង​​​ផងដែរថា រដូវបុណ្យ​ភ្ជុំបិណ្ឌ​បានមកដល់ហើយ ដែលស្ថិតក្នុងប្រព័ន្ធជំនឿខ្មែរតាំងពីបុរាណរៀងមក។

ព្រោះនៅក្នុងប្រព័ន្ធជំនឿខ្មែរ សត្វចាបដូនតាយំ​តែក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ គឺមិនខុសពីបុព្វការីជន ឬឪពុកម្ដាយ យាយតា ដែលជាព្រះរស់របស់ខ្លួនស្រែកយំដោយក្ដីនឹករលឹកដល់កូនចៅនោះទេ។

លោក រ័ត្ន សណ្តាប់ បន្ដថាពាក់ព័ន្ធនិងប្រវត្តិសត្វចាបដូនតាយំនេះផងដែរ មានសេចក្តីដំណាលថា កាលពីព្រេងនាយមាន​យាយ និង​ចៅ​មាណពម្នាក់រស់នៅ​ជាមួយ​គ្នា ហើយ​ចៅមាណពនោះ តែងតែ​ដើរ​បរបាញ់​សត្វ ។ លុះ​ថ្ងៃមួយ​ចៅមាណព បាញ់​បាន​សត្វ​ចាប​មួយ​ក្បាល​ក៏​យកឲ្យយាយ​របស់​ខ្លួន​អាំង​ទុក​បរិភោគ ប៉ុន្តែ​ក្រោយ​ពី​យាយ​អាំង​សត្វ​ចាបនោះ​ឆ្អិន សាច់​ក៏​ររួមស្វិតខុសពីសភាព​ដើម ។

ចៅមាណព ឃើញដូច្នេះ ក៏ខឹងក្រោវក្រាធយ៉ាងខ្លាំងដោយគិត​ថា​ យាយ​របស់​ខ្លួន​ ប្រាកដជា​លួច​បរិភោគជាពុំខាន ហើយក៏​សម្លាប់​យាយ​របស់​ខ្លួន​ចោល ។ ប៉ុន្តែនៅ​ពេល​ដែលចៅមាណព វាយ​លោកយាយ​របស់​ខ្លួន​នោះ គឺយាយ បាន​ស្រែកដដែល​ៗ​ថាស្វិត​ទេចៅ​ៗ ។ លុះដល់ពេល​ដែល​យាយ​នោះ​ស្លាប់​ទៅ ក៏បាន​កើតជា​សត្វ​ចាប​ដូនតា ទើបស្រែកឮសូរដូចយំថា ស្វិត​ទេ​ចៅ​ៗ តរៀងមក។

បើឈរលើប្រព័ន្ធជំនឿខ្មែរនេះ គឺជាគតិអប់រំដល់កុលបុត្រកូនចៅ ប្រុស-ស្រីទាំងទ្បាយថា មុននឹងសម្រេចកិច្ចការអ្វីមួយ គឺត្រូវត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ល្អិតល្អន់ជាមុនសិន ។

ជាចុងក្រោយលោក រត្ន័ សណ្ដាប់ បញ្ជាក់ថាហេតុនេះនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលជាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងនេះ ចំពោះកុលបុត្រកូនចៅប្រុស-ស្រីទាំងទ្បាយណា ដែលបានដឹងគុណបុព្វការីជនឬមាតាបិតារបស់ខ្លួនគឺកុលបុត្រកូនចៅប្រុស-ស្រីនោះមានឈ្មោះថា"ជាមនុស្សដ៏ប្រសើរឧត្ដុង្គឧត្ដម" ហៅថា"យសសិរី" ទំាងក្នុងលោកនេះនិងលោកខាងមុខ។ តែផ្ទុយទៅវិញចំពោះកុលបុត្រកូនចៅប្រុស-ស្រីណាដែលមិនគោរពដឹងគុណបុព្វការីជនឬ មាតាបិតារបស់ខ្លួនក៏មានទោសដ៏ធ្ងន់ធ្ងរបំផុតទំាងក្នុងលោកនេះនិងលោកខាងមុខផងដែរ។

ពីព្រោះពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យរំឭកនឹកគុណដល់បុព្វការីជនឬគុណមាតាបិតា ដែលបានផ្ដល់កំណើតឲ្យយើង ដែលជាការតភ្ជាប់រវាងកាលទាំងបី គឺអតីត បច្ចុប្បន្ន អនាគត ដើម្បីកុំឲ្យភ្លេចនូវពូជពង្សវង្សត្រកូល និងមាតុភូមិរបស់ខ្លួន ៕