(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក បានអញ្ជើញចុះសាកសួសុខទុក្ខ និងបាននាំអំណោយរបស់លោក ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលកំពង់ធំ និងលោកស្រី ខៀវ ស៊ីណា ជាចាន់តូ ជូនដល់គ្រួសារខ្វះខាតចំនួន៥គ្រួសារ រស់នៅក្នុងឃុំកំពង់ថ្ម ក្នុងនោះរួមមាន គ្រួសារចាស់ជរា គ្រួសារមេម៉ាយកូនពីរ ដែលម្តាយបាត់បង់ស្មារតី ក្រោយប្តីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងគ្រួសារដែលមានសមាជិកមានជំងឺរាំរៃជាដើម។

បន្ទាប់ពីពិនិត្យឃើញពីស្ថានភាពជាក់ស្ដែងនៃ ជំងឺលោកជំទាវបណ្ឌិត ជា សិរី បានសម្រេចចិត្តឲ្យក្រុមការងាររៀបចំបញ្ជួន មកព្យាបាលនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ចំពោះរាល់ការចំណាយលើការព្យាបាលស្នាក់នៅ និងសោហ៊ុយធ្វើដំណើរ ទទួលការឧបត្ថម្ភទាំងស្រុងពីលោក ជា ចាន់តូ និងលោកស្រី។

លោកស្រីបណ្ឌិត ជា សិរី ក៏បាននាំនូវប្រសាសន៍សាកសួសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រជាជននៅទីនោះផដែរ។

លោកស្រីបណ្ឌិតបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់ និងការលើកកម្ពស់ ចំពោះសុខាមាលភាពរបស់ប្រជាជន ពិសេសនៅតំបន់ជនបទ។

សូមបញ្ជាក់ជូនថា ប្រជាជនដែលមានជំងឺត្រូវបញ្ជួនមកព្យាបាល នៅរាជធានីភ្នំពេញមានចំនួន៣នាក់ស្ថិត ក្នុងចំណោមគ្រួសារទាំង៥គ្រួសារ ដែលបានទទួលអំណោយ ក្នុងនោះម្នាក់ត្រូវវះកាត់ពកក,ទី២ព្យាបាលដៃបាក់ និងទី៣មានជំងឺសើរស្បែក។

អំណោយរបស់លោកបណ្ឌិត ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ដែលនាំមកជូនដោយលោកស្រីបណ្ឌិត ជា សិរី បាននាំយកទៅជូនប្រជាជនខ្វះខាតទាំង៥គ្រួសារ នាពេលនោះរួមមាន ថវិកានិងគ្រឿងឧបភោគ បរិភោគ៕