(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោតឆ្នោត (គ.ជ.ប) នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានចាប់ផ្ដើមបើកដំណើរការនៅតាមឃុំ-សង្កាត់ទាំង ១,៦៥២។

តាមរបាយការណ៍ពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ទូទាំងប្រទេស បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧ព្រឹកថ្ងៃនេះ និងបានប្រព្រឹត្តទៅយ៉ាងល្អតាមការគ្រោងទុក ពុំមានបញ្ហាប្រឈមណាមួយធ្វើឱ្យរាំងស្ទះឡើយ។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ មានរយៈពេល ១៩ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយក្នុងនោះ ការិយាល័យចុះឈ្មោះបោះឆ្នោត ក៏នឹងត្រូវផ្អាកដំណើរការ ១ថ្ងៃផងដែរ គឺនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ធ្វើការប្រជុំត្រួតពិនិត្យការអនុវត្តការងារ។

សូមប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅឃុំ-សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ។

ចំពោះប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោតពីមុនមក សូមអញ្ជើញទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬតាមរយៈ App-NEC KH ក្នុងទូរសព្ទដៃ។ ប្រសិនបើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោតក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ-សង្កាត់៕