(ភ្នំពេញ)៖ សហភាពសហជីពការងារកម្មករកម្ពុជា (CWLCU) ដែលមានសមាជិកជាង ២ម៉ឺននាក់ មកពី​វិស័យ​​វាយ​នភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូប បានបង្ហាញការកោតសរសើរ និងថ្លែងអំណរគុណ​រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានឆន្ទៈគិតគូរដល់ផលប្រយោជន៍​របស់កម្មករ និយោជិត ហើយប្រឹងប្រែងដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិត បើទោះបីពិភព​លោក រួមទាំងកម្ពុជាកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច។

សហភាពសហជីពការងារកម្មករកម្ពុជា បានគូសរំលេចថា ខ្លួនបានតាមដានយ៉ាងយកចិត្តទុកដាក់​លើដំណើរ​ការនៃការចរចាប្រាក់ឈ្នួលអប្បរមារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា ដែលជាយន្តត្រីភាគី តាំងពីកិច្ច​ប្រជុំ​លើក​ទី១ រហូតមកដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សហភាពសហជីពការងារកម្មករកម្ពុជា បានគូសបញ្ជាក់ថា «យើងខ្ញុំសង្កេតឃើញថា ការចរចានេះត្រូវធ្វើឡើង​ប្រកប​ដោយ​បច្ចេកទេស និងមានលក្ខណៈវិទ្យាសាស្ត្រ​ដោយ​ផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម សេដ្ឋកិច្ច​ស្រប​តាមស្តង់ដាសកលដោយអង្គការអន្តរជាតិខាងការងារ»។

សហភាពសហជីពការងារកម្មករកម្ពុជា ដែលកំពុងធ្វើការផ្ទាល់ក្នុងការលើកកំពស់សិទ្ធិសេរីភាពកម្មករ ការពារសិទ្ធិកម្ម ការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោជិតនោះ បានបង្ហាញការអបអរសារទរ​ជាមួយកម្មករ និយោជិត ដែលទទួលបានប្រាក់ឈ្នួលអប្បរមាថ្មីចំនួន ២០៤ដុល្លារក្នុងមួយខែនៅឆ្នាំ២០២៤។ សហជីពមួយនេះ បានលើកឡើងដែរថា បើបូកប្រាក់អត្ថ​ប្រយោជន៍ផ្សេងៗទៀត កម្មករ និយោជិតម្នាក់ទទួល​បានប្រាក់ឈ្នួល ប្រចាំខែទាបបំផុតរហូតដល់ ២៣២ដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលប្រាក់​ថែមម៉ោង​នោះ​ទេ។

ជាមួយគ្នានេះ សហភាពសហជីពការងារកម្មករកម្ពុជា និងសមាជិក សមាជិកាទាំងអស់ បានថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ម្ពុជា ដែលតែងតែយកចិត្តទុក​ដាក់លើកកម្ពស់ជីវភាពកម្មករ និយោជិតទាំងអស់នៅគ្រប់កាលៈទេសៈ។ ជាពិសេសសម្ដេចធិបតី បានបន្ថែម​ចំនួន ២ដុល្លារ លើប្រាក់ឈ្នួលអប្បរមាចំនួន២០២ដុល្លារ សម្រាប់ឆ្នាំ២០២៤ ទោះបីជាប្រទេសនៅលើពិភព​លោក​រួមទាំងប្រទេសកម្ពុជា កំពុងទទួលរងផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ច​សកល ដែលធ្វើឱ្យតម្រូវការសកល​ផ្នែក​វាយនភណ្ឌមានការថយចុះក៏ដោយ។

សហជីពបានបង្ហាញការកត់សម្គាល់របស់ខ្លួនដែរថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គឺមិនត្រឹមតែអាចរក្សាស្ថេរ​ភាពការងារ ជូនកម្មករ និយោជិត មិនឱ្យបាត់បង់ប៉ុណ្ណោះទេ ថែម ទាំងបានយកចិត្តទុកដាក់​ក្នុងការ​ដំឡើង​​ប្រាក់ឈ្នួលអប្បបរមា ជូនកម្មករ និយោជិតថែមទៀត។

ពាក់ព័ន្ធការដំឡើងប្រាក់ឈ្នួលនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​អះអាងថា ការដំឡើងប្រាក់ឈ្នួល​នា​ពេល​នេះ ធ្វើឱ្យ​កម្ពុជា ក្លាយទៅជាប្រទេសនាំចេញផលិតផល​សម្លៀក​បំពាក់ ស្បែកជើង កាបូប និងសម្ភារៈ​ផ្សេងៗ​​តែមួយគត់ ដែលបានដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិត។

លោក ហេង សួរ បានឱ្យដឹងថា ប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗចូលគ្នា ដោយមិនគិត​អំពីការ​ថែម​ម៉ោង កម្មករ និយោជិតអាចទទួលបានចន្លោះពី ២២១ដុល្លារ ទៅ ២៣២ដុល្លារក្នុង ១ខែ។

របាយការណ៍ពីអង្គការផ្នែកការងារ បានបង្ហាញថា ឆ្នាំ២០២៣ ប្រាក់ឈ្នួលនៅកម្ពុជា ខ្ពស់ជាងប្រទេសចំនួន៥​នៅ​តំបន់អាស៊ីនេះ រួមមានប្រទេសវៀតណាម មានប្រាក់ឈ្នួលចន្លោះពី ១៣៨​​ដុល្លារ ទៅ១៩៨ដុល្លារ, ប្រទេស​ស្រីលង្ការ ៣៩ដុល្លារ, ប្រទេសបង់ក្លាដែស ៧៤ដុល្លារ, ប្រទេសឡាវ ៧៥ដុល្លារ និងប្រទេសមីយ៉ាន់​ម៉ា ៦៩ដុល្លារ។

បច្ចុប្បន្ននេះ កម្ពុជា មានរោងចក្រ សហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែក​ជើង និងផលិត ផលធ្វើដំណើរ និងកាបូបមានចំនួន១,៣៣២ និងមានកម្មករ និយោជិតប្រមាណ ៨៤ម៉ឺន​នាក់ ផ្តល់ចំណូល ប្រចាំឆ្នាំជិត ៣ពាន់លានដុល្លារ៕