(កណ្ដាល)៖ បុរសម្នាក់ បានស្លាប់ភ្លាមៗក្រោយបើកម៉ូតូលឿនពេកមិនប្រយ័ត្នបុកបង្កាន់ដៃស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានព្រែកក្តាម) ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល បណ្ដាលឱ្យផ្លោងធ្លាក់ពីលើស្ពានមកដល់ដីខាងក្រោមបាក់-ក ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង០៥នាទី។

របាយការណ៍នគរបាលរៀបរាប់ថា មានម៉ូតូមួយគ្រឿង HONDA DREAM C125 (ឆ្នាំ២០១៣) ពណ៌ខ្មៅ ពាក់​ផ្លាកលេខ   ភ្នំពេញ 1DR-3417 បើកបរដោយឈ្មោះ ហ៉ឹម ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ពាក់មួកសុវត្ថិភាព-ស្លាប់នៅកន្លែងកើតហេតុ) បើកបរមានទិសដៅពីត្បូង ទៅជើង ក្នុងគោលបំណងឡើងលើស្ពានទៅទិសដៅខាងកើត។ លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុករះជាមួយបង្កាន់ដៃស្ពានមិត្តភាពកម្ពុជា-ចិន បណ្តាលឱ្យអ្នកបើកបរម៉ូតូធ្លាក់មកក្រោមស្ពានបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។

ចំពោះសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងម៉ូតូ ក៏បានប្រគល់ជូនដល់ក្រុមគ្រួសារគាត់ដែរ៕