(ភ្នំពេញ)៖ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករខ្មែរ-CWPUC តំណាងឲ្យសហព័ន្ធសហជីព សមាគម និងសមាជិកាជាង៣ម៉ឺននាក់នៅក្នុងវិស័យកម្មករនិយោជិត សេដ្ឋកិច្ចក្រៅប្រព័ន្ធ សិស្ស និស្សិត សូមប្រកាសគាំទ្រចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរិមាថ្មីចំនួន ២០៤ដុល្លារអាម៉េរិកក្នុង១ខែសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។
យើងខ្ញុំតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការ នៃការចរចាប្រាក់ឈ្នួលអប្បបរិមារបស់ក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរិមាដែលជាយន្តការត្រីភាគីតាំងពីកិច្ចប្រជុំលើកទី១រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។យើងខ្ញុំសង្កេតឃើញថា ការចរចានេះត្រូវបានធ្វើឡើងប្រកបដោយបច្ចេកទេស និងមានលក្ខណៈវិទ្យាសាស្ត្រដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ស្របតាមស្តង់ដារសកលដែលអង្គការអន្តរជាតិខាងការងារបានកំណត់។
លោក ហង្ស រ៉ាវី ក្នុងនាមជាប្រធានសហភាពសហជីពរក្សាសិទ្ធកម្មករខ្មែរ-CWPUC សូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរបស់បងប្អូនកម្មករនិយោជិតយើងទាំងអស់គ្នានៅគ្រប់កាលៈទេសៈ ជាពិសេស សម្តេចធិបតី បានអនុញ្ញាតិឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរិមា សម្រាប់ឆ្នាំ២០២៤ បើទោះបីប្រទេសទាំងអស់នៅលើពិភពលោក រួមទាំងកម្ពុជាផង កំពុងរងផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចសកល ដែលនាំឲ្យតម្រូវការផ្នែកវាយនភណ្ឌមានការថយចុះក៏ដោយ។
សហភាពសហជីពរក្សាសិទ្ធកម្មករខ្មែរ-CWPUC សូមធ្វការប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរិមារហូតដល់ ២០៤ដុល្លារអាម៉េរិកក្នុង១ខែ សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ និងសូមប្តេជ្ញាចូលរួមអនុវត្តរាល់វិធានការអន្តរាគមន៍ផ្សេងៗដែលរាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញដើម្បីចូលរួមលើកកម្ពស់ជីវភាពបងប្អូនកម្មករនិយោជិត៕