(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូល រួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បើកបរយានយន្ត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងនូវការកោតសរសើរប្រកបដោយក្តីមោទនភាពជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុលក្នុងពេលធ្វើចរាចរណ៍ រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិតរងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាពេលកន្លងទៅ។

ទោះជាយ៉ាងនេះក្តី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបាននិងកំពុងគំរាមកំហែងដល់អ្នកប្រើប្រាស់ផ្លូវ បង្កឱ្យមានសោកនាដកម្មបាត់បង់ជីវិត រងរបួស និងខូចខាតទ្រព្យសម្បត្តិជារៀងរាល់ថ្ងៃ ហើយតែងតែមានកំណើនខ្ពស់ ក្នុងពេលមានពីធីបុណ្យនានាដែលមានកំណើនចរាចរណ៍មមាញឹកដោយការបើកបរមិនគោរពច្បាប់ ការធ្វេសប្រហែស ឬខ្វះការយោគយល់អធ្យាស្រ័យ។

ក្នុងន័យនេះ នាឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូល រួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បើកបរយានយន្តតាមវិធានការ ដូចខាងក្រោម៖

ទី១៖ ត្រូវបន្ថយល្បឿនបើកបរតាមច្បាប់កំណត់ និងតាមស្ថានភាពជាក់ស្ដែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវគ្រលុក ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ឬផ្លូវរអិល។ល។ មូលហេតុចម្បង ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍គឺការបើកបរលឿនហួសល្បឿនកំណត់។

ទី២៖ ត្រូវគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ ដោយត្រូវបើកបរបន្ថយល្បឿន និងត្រូវទុកសិទ្ធិឱ្យអ្នកបើកបរលើផ្លូវដែលមានសិទ្ធិ បានធ្វើចរាចរណ៍ទៅមុន។

ទី៣៖ មុននឹងវ៉ាជែង ត្រូវដឹងច្បាស់ថាផ្លូវខាងមុខទំនេរ អាចជែងបានដោយសុវត្ថិភាព ចៀសវាង ការវ៉ាជែង ដោយប្រថុយប្រថាន ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

ទី៤៖ ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើស ច្បាប់កំណត់ ជាពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សនៅលើដំបូល និងមិនត្រូវដំឡើងថ្លៃធ្វើ ដំណើរក្នុងឱកាសនេះ។

ទី៥៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ខ្លួន មុនពេលធ្វើចរាចរណ៍។

ទី៦៖ អ្នកបើកបររថយន្ត និងអ្នករួមដំណើរ សូមពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ។

ទី៧៖ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ៗគ្នា ទោះធ្វើ ដំណើរជិត ឬឆ្ងាយ និងគ្រប់ពេលវេលា។ ត្រូវចងចាំជានិច្ចថា មួកសុវត្ថិភាពមួយ អាចជួយការពារនូវ ការរងរបួសក្បាល ឬអាចការពារជីវិតបាន។

ទី៨៖ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន និងសូមចងចាំជានិច្ចនូវពាក្យស្លោក បើពិសាគ្រឿងស្រវឹង កុំបើកបរ។ ស្ថានភាពស្រវឹងនឹងបង្កឱ្យអ្នកបើកបរបាត់ការចងចាំ វង្វេងស្មារតី មិនអាចបញ្ហាយានបានដោយសុវត្ថិភាព ងាយប្រឈមនឹងការបង្កគ្រោះថ្នាក់ចរាចរណ៍។

ទី៩៖ នៅពេលបើកបរ ត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងការអធ្យាស្រ័យគ្នាទៅវិញទៅមកដើម្បីបញ្ចៀសគ្រោះថ្នាក់ ឬការកកស្ទះចរាចរណ៍។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសម្តែងនូវសេចក្តីសង្ឃឹម និងជឿទុកចិត្ត លើស្មារតីប្រុងប្រយ័ត្នរបស់សាធារណជន ក្នុងការអនុវត្តសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខ សប្បាយរីករាយជាមួយក្រុមគ្រួសារ ក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌប្រពៃណីជាតិ កុំឱ្យថ្ងៃសប្បាយ ក្លាយជាថ្ងៃកើតទុក្ខ៕