(ព្រៃវែង)៖ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ព្រុំ សុខា  រួមជាមួយក្រុមញាតិគ្រួសារ និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ ដោយនាំយកនូវទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនព្រះសង្ឃ៨៤អង្គ ដែលគង់ចាំព្រះវស្សា នៅវត្តក្តីកណ្តាល ស្ថិតនៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

តាមរយៈកិច្ចទាំងឡាយនៃពិធីបុណ្យព្រះពុទ្ធសាសនាមានជាអាទិ៍ ពិធីព្រះសង្ឃធ្វើនមស្សការព្រះរតនត្រ័យចម្រើនព្រះបរិត្ត ជ័យន្តោ បង្សុកូល និងពិធីរាប់បាតរួចមក លោកទេសរដ្ឋមន្រ្តី និងក្រុមញាតិគ្រួសារ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានធ្វើការឧទ្ទិសកុសលផលបុណ្យដែលកើតចេញពីពិធីបុណ្យនេះជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា ញាតិការប្រាំពីរសណ្តាន ពិសេសឧទ្ទិសដល់ដួងវិញ្ញាណក័្ខន្ធរបស់ឧបាសក ព្រុំ សុន ជាឪពុកដែលបានចែកឋានទៅនៅឆ្នាំ២០១០ និងឧបាសិកា ស៊ុន យុត ជាម្តាយដែលបានចែកឋានទៅនៅឆ្នាំ២០១៩ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ចាន់ ស៊ីវ៉ាន់ថា ជាប្អូនទទួលមរណភាពនៅឆ្នាំ២០២០ និងក្មួយប្រុសវេជ្ជបណ្ឌិត ទិត វុទ្ធី ដែលបានទទួលមរណភាពកាលពីខែឧសភាឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ដោយឧទ្ទិសបួងសួង សូមឲ្យដួងវិញ្ញាណក័្ខន្ធរបស់លោកទាំងអស់បានសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ទីអារាមវត្តក្តីកណ្តាលនេះ ដែលបានផ្សាភ្ជាប់យ៉ាងជ្រាលជ្រៅនូវក្តីស្រលាញ់ នឹករលឹក គោរពដឹងគុណជានិច្ចមិនអាចបំភ្លេចបានប្រកបដោយមនោសញ្ចេតនា ព្រហ្មវិហាធម៍ឥតត្រើយត្រាណររបស់ក្រុមញាតិគ្រួសារលោកទេសរដ្ឋមន្រ្តី មិនមែនដោយសារទីវត្តអារាមនេះ គ្រាន់តែជាកន្លែងដែលមានចេតីយតំកល់អដ្ឋិធាតុជីដូន ជីតា ឪពុកម្តាយ បងប្អូនញាតិសន្តានរបស់លោកទេសរដ្ឋមន្រ្តីប៉ុណ្ណោះទេ តែកាលពីជាងមួយសតវត្សមុននេះនៅវត្តក្តីកណ្តាលនេះមានព្រះចៅអធិការមួយអង្គព្រះនាម ធូ ព្រុំ ជាព្រះគ្រូធម្មវិប្បស្សនាធុរ:ជាជីតាទួតបង្កើតរបស់លោកទេសរដ្ឋមន្រ្តី។ ចំណែកឯលោកឪពុក ព្រុំ សុន ក៏បានបួសរៀននៅវត្តនេះដែរ មុននឹងក្លាយខ្លួនជាគ្រូបង្រៀនបឋមសិក្សាដែលក្នុងមួយជីវិតរបស់លោកស្រលាញ់វិជ្ជាជីវៈបង្រៀន អប់រំ កុមារាកុមារី។

ទន្ទឹមនោះក្រុមញាតិគ្រួសាររបស់លោក ព្រុំ សុខា តែងតែយកចិត្តទុកដាក់ជានិច្ចដល់ការរួមចំណែកកសាងសមិទ្ធផលនានានៅក្នុងវត្តកី្តកណ្តាល រួមមានអាទិ៍ ខ្លោងទ្វាវត្ត ស្រះទឹក សាលាបុណ្យ និងអគារសាលារៀនមួយខ្នង៨បន្ទប់ ដែលនៅឆ្នាំ២០១២ក្រសួងអប់រំបានអនុញ្ញាតឲ្យដាក់ឈ្មោះសាលានេះជាសាលាបឋមសិក្សាព្រុំ សុន ក្តីកណ្តាល៕