(ភ្នំពេញ)៖ បញ្ជាការកងពលតូចលេខ៧០ តាំងពីថ្ងៃទី៣០ ខែកញ្ញា បានរៀបចំកម្លាំង និងសម្ភារសង្គ្រោះគ្រោះមហន្តរាយមាន រថយន្តចំនួន០៧គ្រឿង រថយន្តសង្គ្រោះ០៣គ្រឿង ទូក១០គ្រឿង អូប័រ០៨គ្រឿង អាវសង្គ្រោះ១២០អាវ និងសម្ភារៈសង្គ្រោះមួយចំនួនទៀតដូចជាថ្នាំពេទ្យជាដើម បានលើកទុកដាក់លើរថយន្តរួចជាស្រេច ដើម្បីត្រៀមជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។
លោកឧត្តមឯក ហែម ថា មេបញ្ជាការ កងពលតូចលេខ៧០ បានឲ្យដឹងថា ការត្រៀម កម្លាំងកងប្រតិបត្តិរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ចំនួន១២០នាក់ និងសម្ភារសង្គ្រោះខាងលើនេះធ្វើឡើងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងការចុះជួយប្រជាពលរដ្ឋ នៅពេលមានសំណូមពរចាំបាច់ណាមួយ។